កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណៈកម្មការទី១) នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តរតនគិរី

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម មួង ប៉ាង​ អភិបាលរងនៃគណៈអភិបាលខេត្ត​ ​តំណាង​ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្ត​ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ​ ប្រធានគណៈកម្មការទី១នៃរដ្ឋសភាដើម្បីស្វែងយល់អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយករណីទំនាស់ដីធ្លី។

ឯកឧត្តម មួង ប៉ាង អភិបាលរងនៃគណៈអភិបាលខេត្ត បានស្វាគមន៍ និងមានកត្តិយសយ៉ាងក្រៃលែង ដោយបានទទួលគណៈប្រតិភូគណៈកម្មការទី១​ នៃរដ្ឋសភាព្រមទាំងរាយការណ៍សង្ខេបជូនគណៈប្រតិភូ។ ឯកឧត្តមអភិបាលរងខេត្តបានលើកឡើងថា រដ្ឋបាលខេត្តដោយមានការគិតគូរយកចិត្តទុកដាក់តម្រង់ទិសណែនាំពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឱ្យខេត្តរនគិរី បោះជំហានទៅមុខយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍខេត្ត ធានាបានភាពរឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលជាមូលដ្ឋានគ្រឹះរួមចំណែកការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្តរង បានជម្រាបជូនគណៈកម្មការទី១ នៃរដ្ឋសភា អំពីលទ្ធផលនៃការដោះស្រាយបណ្តឹងករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានធ្វើការសម្របសម្រួលដោះស្រាយ​ និងវិធានការពង្រឹងការគ្រប់គ្រងមានជាអាទិ៍៖តាមរយៈកិច្ចប្រជុំគណៈកម្មាធិការស្រុកខេត្តដែលមានសមាសភាពអង្គភាពជំនាញ​ និងអភិបាលស្រុក ជាពិសេសមានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់​ និងសុរិយោដី​ ជាសេធិការ។​ ​ហើយយន្តការដោះស្រាយសម្របសម្រួល​ យន្តការដោះស្រាយតាមសាលាដំបូង។ ក្នុងការពង្រឹងការគ្រប់គ្រងដោយបានធ្វើការប្រជុំរដ្ឋបាលស្រុក ក្រុង សង្កាត់ តំណាងអង្គការសង្គម​ ដើម្បីពិនិត្យស្ថានភាពនៃផែនការ និងការទប់ស្កាត់បង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ។ ជាមួយរដ្ឋបាលខេត្តក៏បានជំរុញលើកទឹកចិត្តឲ្យរៀបចំសហគមន៍នេសាទ​ និង
សហគមន៍កសិកម្មដោយប្រែក្លាយពីការធ្វើចំការវិលជុំ តាមរយៈការបណ្តុះបណ្តាល​ និងការផ្តល់គ្រាប់ពូជក្នុងគោលបំណងកសិកម្មប្រកបដោយ​ និងទទួលបានប្រាក់ព្រមទាំងបានចូលរួមទប់ស្កាត់ទន្ទ្រាន​ និងចូលរួមថែរក្សាធនធានធម្មជាតិ រហូតមកដល់ពេលនេះខេត្ត​ មានសហគមន៍ការពារធនធានធម្មជាតិ៧កន្លែង,សហគមន៍នេសាទចំនួន៤កន្លែង,សហគមន៍កសិកម្ម
ចំនួន៣៤កន្លែង។

ក្នុឱកាសនេះឯកឧត្តម​ ប្រាជ្ញ ចន្ទ​ បានធ្វើការកោតសរសើរ ពីការខិតខំរបស់រដ្ឋបាលខេត្តរតនគិរី លើការងារអភិវឌ្ឍន៍ខេត្តឲ្យកាន់តែមានសោភណ្ឌភាព និងការីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរអោយគត់សម្គាល់។ ក្នុងនោះដែរ​ ឯកឧត្តមក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួនដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានធ្វើការណែនាំមួយចំនួនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាព គឺត្រូវធ្វើការពិនិត្យឡើងវិញនូវរាល់បញ្ហាទាំងឡាយដែល មានកន្លងមក ដើមី្បធ្វើការកែប្រែប្រកបទៅដោយសន្តិវិធី​ ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើមី្បជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ។​

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការរដ្ឋសភាជាមួយរដ្ឋបាលខេត្តនាពេលនេះ ក៏មានការសាកសួរសំនួរមួយចំនួនពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយទំនាស់នានារបស់រដ្ឋបាលខេត្តផងដែរ។ ហើយក្រោយពីកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈប្រតិភូ បានបន្តដំណើរទស្សនៈកិច្ចតាមក្រុមហ៊ុនមួយចំនួនក្នុងខេត្តភាគឥសានមួយនេះផងដែរ ៕