ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក កំពង់សៀម

(កំពង់ចាម)៖ រសៀលថ្ងៃ ពុធ ០៤រោច ខែ មាឃ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០នៅសាលាស្រុក កំពង់សៀម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក កំពង់សៀម ខេត្ត កំពង់ចាម។

ថ្លែងក្នុងកម្មវិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានផ្តាំផ្ញើ ដល់រដ្ឋបាលស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ និងជម្រុញឲ្យសមាសភាព ដែលប្រកាសថ្មីចំនួន ៦០ នាក់នេះ ត្រូវតែអនុវត្តការងារជំនាញរបស់ខ្លួនបន្ត ជាពិសេស ខិតខំបំរើសេវា ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីកំពង់សៀម ទាំងមូល ឲ្យកាន់តែល្អប្រសើរថែមទៀត ។ ទន្ទឹមជាមួយនោះ រដ្ឋបាលស្រុក ត្រូវតែអនុវត្តតាម អនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យបានល្អប្រសើរ និងត្រូវតែអនុវត្តតាមសៀវភៅណែនាំ ស្ដីពីកិច្ចការរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌដែលបានដាក់ឱ្យអនុវត្ត តាមរយៈ សេចក្តីសម្រេចលេខ ១០០.២៩ ស.ស.រ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពីកិច្ចការរដ្ឋបាលនេះ ។ ក្រៅពីនោះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវជួយជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។ ពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ។ បន្តលើកកម្ពស់ពង្រឹងសណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈពិសេស សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ទប់ស្កាត់នូវបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងដែនរដ្ឋបាលស្រុក ពិសេសល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវមានវិធានការបង្ក្រាប ជាបន្ទាន់ ។

មួយផ្នែកទៀត ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំទៅដល់ក្រុមការងារថ្នាក់ស្រុកទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ប្រជុំលើកផែនការបន្តទៀត ដើម្បី សម្រេចនូវគោលបំណង និងគោលដៅឲ្យបានច្បាស់លាស់ ព្រមទាំង លើកកម្ពស់ការចូលរួម និងភាពម្ចាស់ការ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ផងដែរ ។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម