រចនាសម្ព័ន្ធថ្មី នៃស្រុក ស្រីសន្ធរ ត្រូវបានប្រកាសឲ្យចូលធ្វើការងារប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវ

( កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានការចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ ព្រឹកថ្ងៃ ពុធ ០៤រោច ខែ មាឃ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០នៅសាលាស្រុក ស្រីសន្ធរ ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានរាយការណ៍ពីលទ្ធផលដែលទទួលបានរយៈពេលមួយឆ្នាំកន្លងមក ពិសេសការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ថ្លែងក្នុងកម្មវិធីនេះផងដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ផ្តាំផ្ញើដល់រដ្ឋបាលស្រុក ឃុំ ត្រូវយកចិត្តទុកដាក់និងជំរុញឲ្យសមាសភាពដែលប្រកាសថ្មីចំនួន៤៧នាក់នេះត្រូវតែអនុវត្តការងារបន្តជូនប្រជាពលរដ្ឋនៅក្នុងស្រុក ស្រីសន្ធរទាំងមូល ។ រដ្ឋបាលស្រុក ត្រូវតែអនុវត្តតាម អនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុកឲ្យបានល្អប្រសើរ។
ឯកឧត្តមបានបន្តទៀតថាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវជួយជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ ពង្រឹងវិធានការរដ្ឋបាលនិងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ។ បន្តលើកកម្ពស់ពង្រឹងសណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណៈពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ទប់ស្កាត់នូវបទល្មើសផ្សេងៗដែលរីករាលដាលទូទាំងស្រុកពិសេសល្បែងស៊ីសងគ្រប់ប្រភេទត្រូវមានវិធានការបង្ក្រាបជាបន្ទាន់ ។

ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតទៅលើក្រុមការងារថ្នាក់ស្រុកទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ប្រជុំលើកផែនការបន្តទៀត ដើម្បីសម្រេចនូវគោលបំណងនិងគោលដៅឲ្យបានច្បាស់លាស់ ។ លើកកម្ពស់ការចូលរួមនិងភាពម្ចាស់ការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេច ពាក់ព័ន្ធការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ៕ (ដោយ៖មន្ទីរព័ត៌មានខេត្តកំពង់ចាម)