កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣

 

(សៀមរាប)៖ នាព្រឹកថ្ងៃទី១១ ខែ កុម្ភ: ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលមានរបៀបវារ:ចំនួន៥ចំណុចជាសំខាន់ ក្នុងនោះជាលទ្ធផលដែលកត់សម្គាល់ គឺការអនុម័តរបស់កិច្ចប្រជុំទៅលើ៣របៀបវារៈ , សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត , សេចក្តីព្រាងរបាយការណ៍ ប្រចាំខែ មករា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត និង អនុម័តលើបញ្ជីសំណួរ សំណូមពរដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ ។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជានាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក ទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្ត អាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។

កិច្ចប្រជុំដដែលនោះ បានធ្វើការពិភាក្សា និង បកស្រាយនូវរាល់ចំណោទបញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើង ហើយត្រូវបានមន្ទីរ អង្គភាពសាមីបានធ្វើការស្រាយបំភ្លឺ ដោយផ្តោតទៅលើបញ្ហាអគ្គិសនី , ការងារវប្បធម៌ ពីគំនូរខ្មែរ , ជនអណាថា , ផ្លូវថ្នល់ក្នុងក្រុងមិនស្អាត , ការទប់ស្កាត់រថយន្តដឹក ជញ្ជូនលើសទម្ងន់ , បញ្ហាទឹកកង្វក់ហូរលើផ្លូវ , ការដាក់ទង់ជាតិ អន្តរជាតិនៅតាមសាលារដ្ឋ , ការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ និង ការស្លាប់របស់ជំទប់ឃុំល្វា ស្រុកពួក ក្រោយពីបញ្ជូនចេញពីគ្លីនិកសុខភាពមួយកន្លែងទៅមន្ទីរពេទ្យខេត្ត ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ដែលបានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំនោះ លើកឡើងថា នៅក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ អ្វីៗដែលកើតឡើងក្នុងសង្គម វាមិនមែនជាអាថ៌កំបាំងនោះឡើយ វានឹងកើតឡើងនូវប្រតិកម្មភ្លាមៗពីសំណាក់មហាជន ប៉ុន្តែបើជាការរិះគន់នោះក្នុងបំណង ដើម្បីស្ថាបនា នោះវាជារឿងដ៏ល្អសម្រាប់ការទទួលយកដើម្បីកែលម្អ តែវានឹងអាចជាការរិះគន់ ក្នុងន័យនយោបាយផ្សេងទៀត នាំឲ្យមានការប៉ះពាល់ ដល់ការដឹកនាំរបស់អាជ្ញាធរខេត្ត ក៏អាចថាបាន ។ ដូច្នេះមន្រ្តីជំនាញទទួលខុសត្រូវគ្រប់បណ្តាស្ថាប័ន-អង្គភាពទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងឲ្យបាននូវប្រការអសកម្មទាំងឡាយ ដោយការអនុវត្តភារកិច្ច ដើម្បីសង្គមជាតិរីកចម្រើន និងដើម្បីមោទនភាពរបស់ថ្នាក់ដឹកនាំ ។

ចំពោះការជំរុញឲ្យមន្រ្តីដែលមានតួនាទីភារកិច្ចបំពេញការងាររដ្ឋ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីភាពរីកចម្រើន នៃសង្គមជាតិ ក៏ត្រូវបានឯកឧត្តម អ៊ាន ឃុន បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត នេះផងដែរ ក្នុងនោះឯកឧត្តម បានសង្កត់ធ្ងន់លើប្រសាសន៍ដ៏មានតម្លៃនៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលិកម្ពុជា ក្នុងការជំរុញឲ្យមន្រ្តីរាជការ រួមទាំងថ្នាក់ដឹកនាំផងដែរ ត្រូវចេះប្រើដាវអំណាចការងារ ត្រួសត្រាយ វះកាត់ សម្រេចកិច្ចការឲ្យមានប្រសិទ្ធភាព ព្រោះការរំលឹកនិងជំរុញបែបនេះ គឺជាបំណងបង្ការ ការពារ និងចៀសវាង ការដែលទុកឲ្យចំណុចអវិជ្ជមានសេសសល់នៅរៀងរាល់ឆ្នាំដោយមិនមានដំណោះស្រាយ មិនគោរពសមត្ថកិច្ចរបស់ខ្លួន ក្លាយជាទម្លាប់មិនល្អ បង្កផលវិបាកសម្រាប់ការដោះស្រាយមិនចេះចប់នោះ ។

ឯកឧត្តម អ៊ាន ឃុន បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែល នៅសេសសល់ពីឆ្នាំចាស់ យកមកធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ។ ក្នុងគោលដៅបម្រើនូវផលប្រយោជន៍បំរើប្រជាពលរដ្ឋ និង សង្គមជាតិ ពិសេសស្របតាមប្រសាសន៍ដ៏មានតម្លៃ នៃសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋឡើយ គឺជាអ្នកបម្រើប្រជាពលរដ្ឋ ពីព្រោះយើងគ្រប់រូបកើតឡើងពីប្រជាពលរដ្ឋ ដែលជាម្ចាស់បោះឆ្នោត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប