រចនាសម្ព័ន្ធថ្មី នៃស្រុកប្រាសាទសំបូរត្រូវបានប្រកាសឲ្យចូលធ្វើការងារប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវ

 

( កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកប្រាសាទសំបូរខេត្តកំពង់ធំ និងមានការចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរកងកំលាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ ព្រឹកថ្ងៃអង្គារ ០៣រោច ខែមាឃឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០នៅសាលាស្រុកប្រាសាទសំបូរ។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរបានរាយការណ៍ពីលទ្ធផលដែលទទួលបានរយៈពេលមួយឆ្នាំកន្លងមក ពិសេសគឺជនងាយរងគ្រោះជាច្រើននាក់ដែលកំពុងជួបការលំបាកនឹងជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់។

ថ្លែងក្នុងកម្មវិធីនេះផងដែរឯកឧត្តម ឈុន ឈាន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបានយកចិត្តទុកដាក់និងជំរុញឲ្យសមាសភាពដែលប្រកាសថ្មីចំនួន៦៥ នាក់នេះត្រូវតែអនុវត្តការងារបន្តជូនប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទសំបូរទាំងមូល។ ត្រូវតែអនុវត្តតាមសៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌដែលបានដាក់ឱ្យអនុវត្តតាមរយៈសេចក្តីសម្រេចលេខ ១០០.២៩ ស.ស.រ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ០១ខែធ្នូឆ្នាំ២០១៦ស្ដីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាល។

ឯកឧត្តមបានបន្តទៀត ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ពង្រឹងវិធានការរដ្ឋបាលនិងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ បន្តលើកកម្ពស់ពង្រឹងសណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណៈពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ទប់ស្កាត់នូវបទល្មើសផ្សេងៗដែលរីករាលដាលទូទាំងស្រុកពិសេសល្បែងស៊ីសងគ្រប់ប្រភេទត្រូវមានវិធានការបង្ក្រាបជាបន្ទាន់។

ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតទៅលើក្រុមការងារថ្នាក់ស្រុកទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ប្រជុំលើកផែនការបន្តទៀត ដើម្បីសម្រេចនូវគោលបំណងនិងគោលដៅឲ្យបានច្បាស់លាស់។ លើកកម្ពស់ការចូលរួមនិងភាពម្ចាស់ការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេច ពាក់ព័ន្ធការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ