ការរចនានិមិត្ត​សញ្ញា(logo) នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ត្រូវបានរំលេចចេញ ពីរចនាបថស្ថាបត្យកម្មខ្មែរ “ជហ្វា” ដែលត្រូវបានប្រើប្រាស់ជាទូទៅនៅលើដំបូលប្រាសាទ និងវត្ត អារាម

ការរចនានិមិត្តសញ្ញា(logo) នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ត្រូវបានរំលេចចេញ ពីរចនាបថស្ថាបត្យកម្មខ្មែរជហ្វាដែលត្រូវបានប្រើប្រាស់ជាទូទៅនៅលើដំបូលប្រាសាទ និងវត្ត អារាម។ អត្តន័យនៃពាក្យជហ្វាបានឆ្លុះបញ្ចាំងពីប្រពៃណី និងទំនៀមទម្លាប់នាសម័យអង្គរក្នុង ការអធិដ្ឋានដើម្បីទទួលពរជ័យពីចក្រវាឡ និងបានបញ្ជាក់ពីក្តីសង្ឃឹម និងសុទិដ្ឋិនិយមនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ ASEM ដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាព និងវិបុលភាពតាមរយៈពហុភាគី និយមប្រកបដោយប្រសិទ្ធភាព។

លើសពីនេះទៅទៀតជហ្វាដែលបានបង្កើតជាផ្នែកមួយនៃនិមិត្តសញ្ញា ASEM13 នេះ គឺជាការ វិវឌ្ឍនៃទម្រង់រូបនាគ បើតាមទេវកថាគេជឿថានាគគឺជាស្តេចនៃព្រលឹង និងវិញ្ញាណនៃដែនដីគោក និងទឹក។ អត្ថន័យនៃរូបនាគ ត្រូវបានឆ្លុះបញ្ចាំងពីការផ្ដោតសំខាន់របស់ ASEM ក្នុងការលើកកម្ពស់ការ តភ្ជាប់អន្តរតំបន់ ក៏ដូចជាការសម្រចបាននូវកំណើន និងវិបុលភាពរួមគ្នា។

ក្នុងការថែរក្សាធាតុសំខាន់នៃនិមិត្តសញ្ញា ASEM គំនូសរូបជហ្វាពណ៌ក្រហមតំណាងឱ្យទ្វីបអាស៊ី និងអក្សរឡាតាំង “E” ពណ៌ខៀវតំណាងឱ្យទ្វីបអឺរ៉ុប។ដូច្នេះទម្រង់រួមបញ្ចូលគ្នានៃជហ្វានិងអក្សរ “E” តំណាងឱ្យបណ្តាប្រទេសអាស៊ី និងអឺរ៉ុបដែលធ្វើដំណើរឆ្ពោះទៅមុខនិងរីកចម្រើនរួមគ្នា។