ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង ស្រុក គឺជាការសំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ

(កំពត)៖ ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង ស្រុក គឺជាការសំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ។​ នេះជាការលើកឡើងឲ្យដឹងរបស់ឧត្តមជាវ តាយអភិបាល នៃគណៈអភិបាលខេត្តក្នុងឱកាសនៃពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីដែល រដ្ឋបាល ក្រុងកំពតបានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២០ ដែលមានមន្រ្តីចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវលោក-លោកស្រី ដែលជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជំនាញក្នុងខេត្ត រួមនិងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបន្តទៀតថា ដូចនេះការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុងកំពតនាឱកាសនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវការកែទម្រង់ប្រពន្ធ័គ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការ មានអត្ថនយ័យ៉ាងជ្រាលជ្រៅ មកលើប្រពន្ធ័គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាចនិងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍នៅមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ហើយការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក នេះទៀតសោតគឺផ្អែកតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដែលមាន លក្ខណៈពេញលេញ ដើម្បីបង្កើនជំរុញនិងធ្វើឱ្យមានចីរភាព ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងគោលការណ៍កំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ។

ដូច្នេះដើម្បីធានាឱ្យដំណើរការនៃការចាប់ផ្តើមអនុវត្តរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង ស្រុកក្នុងខេត្តកំពតឲ្យបាន ប្រពឹត្តដោយរលូនចាប់ពីពេលនេះតទៅ ឯកឧត្តម ជាវ តាយក៏បានធ្វើការណែនាំ ផ្ដាំផ្ញើនូវកិច្ចការចាំបាច់មួយចំនួន ដល់មន្ត្រីរដ្ឋបាល ក្រុងកំពត ដែលបានធ្វើ សមាហរណកម្មក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងកំពតដែលមានចំនួន ៧១ នាក់ ក្នុង ១៣ការិយាល័យនិងអង្គភាពទាំងអស់ ត្រូវយកចិត្ត ទុកដាក់អនុវត្តរួមមាន៖ ការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ការ ការចរចារលិខិតស្នាម និងការរៀបចំទីកន្លែងបំពេញការងារ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងកិច្ចការឯកសារនិងទ្រព្យសម្បត្តិ​ការផ្តល់សេវាតាមការិយាលយ័ច្រកចេញចូលតែមួយ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក។

ដើម្បីរួមគ្នាសម្រេច ឲ្យបានប្រសិទ្ធភាពនូវកិច្ចការខាងលើនេះ ឯកឧត្តមអភិបាលខេត្តក៏បានបន្តផ្ដាំផ្ញើដល់មន្រ្តីរដ្ឋបាល ក្រុងកំពតទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ជាការចាំបាច់ គឺត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាល ក្រុងកំពតនាគឱកាសនេះយោងតាមសេចក្ដីសម្រេច ស្ដីពីការធ្វើសមាហរណកម្មបុគ្គលិកនិងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មី សរុបមានចំនួន១៣ការិយាល័យនិងអង្គភាព ដែលមានមន្ត្រីបំរើការងារសរុបចំនួន ៧១នាក់ ក្នុងនោះមាន១-ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ២-អង្គភាពលទ្ធកម្ម ៣-ការិយាល័យ គ្រប់គ្រងធនធានមនុស្ស ៤-ផែនការនិងគាំទ្រឃុំសង្កាត់ ៥-លេខាធិការក្រុមប្រឹក្សា ៦-ត្រួតពិនិត្យផ្ទៃក្នុង ៧-អប់រំយុវជននិងកីឡា ៨-រៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាល ៩-នីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន ១០-កសិកម្មធនធានធម្មជាតិនិងបរិស្ថាន ១១-សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ ១២-សង្គមកិច្ចនិងសុខមាលភាពសង្គម និង១៣-ការិយាល័យច្រកចេញចូលតែមួយ។
-សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២០ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ក្នុងខេត្ត បានអញ្ជើញចុះគ្រប់ បណ្ដាក្រុងស្រុកទូទាំងខេត្តកំពត ដើម្បីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកទាំង៨ ៕