ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង ស្រុក នៃ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​

(​ព្រៃវែង)៖ នៅ​ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលាស្រុក​កំពង់ត្របែក​បានរៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​ស្រុក ក្រោម​អធិបតីភាព​ឯកឧត្តម​ជា​សុ​មេធី​អភិបាលខេត្ត ឱ្យ​នរណា​ដែល​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​កងកំលាំង​ទាំងបី យ៉ាងច្រើន​កុះករ​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​លោក យ៉ាវ សានិ​ន​អភិបាលស្រុក​កំពង់ត្របែក បាន​រាយការណ៍​អំពី​ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​ស្រុក​ពុំមាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ចំពោះ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​កំពង់រ​បែក​ដែល​ត្រូវ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នាឱកាស​នេះ​មាន ១៣ ការិយាល័យ ដែលមាន​មន្ត្រី សរុប​ចំនួន ៦៣ រូប ក្នុងនោះ​ស្រី ១៩ រូប​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ក៏បាន​លើកឡើងថា ការដាក់​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​កំពង់ត្របែក នាឱកាស​នេះ​ជា​ព្រឹត្តិការ​ប្រ​វត្ត​សាស្ត្រ​ក្នុងការ​កែទម្រង់​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​សំដៅ​ធានា​ដល់​ការផ្ទេរ​សិទ្ធ ផ្ទេរអំណាច ផ្ទេ​មុខងារ និង​ផ្ទេរ​ធនធាន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធ អំណាច និង​ធនធាន​សម្រាប់​ការផ្តល់សេវា​និង​ការអភិវឌ្ឍន៍​មូលដ្ឋាន និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​។​

​ក្នុងនោះដែរ ដើម្បី​ធានា​ឲ្យ​ដំណើរការ​ចាប់ផ្ដើម​អនុវត្ត​នូវ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ដោយ​រលូន​ចាប់ពីពេលនេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​នូវ​កិច្ចការ​មួយចំនួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត ដោយ​លោក​អភិបាល លោក​អភិបាលរង​ស្រុក ត្រូវបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​បានល្អ ក្នុង​ការធានា​និរន្តរភាព​ការងាររដ្ឋបាល និង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​។ មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក លោក​មេឃុំ ស្មៀនឃុំ ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​រាល់​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នឹង​ដោះស្រាយ​ជូន​ឲ្យ​បាន​ឆាប់រហ័ស​កុំ​ទុក​ឲ្យ​មាន​បញ្ហា​តូច ទៅជា​បញ្ហា​ធំ​ជៀសវាង​មាន​ផល​លំបាក​នៅ​ថ្ងៃក្រោយ​ទៀត​។ បន្ត​ពិនិត្យ​តាមដាន​លើ​ការងារ​សន្តិសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ជាពិសេស​ជនពិការ ជន​ចាស់ជរា ជនក្រីក្រ ត្រូវ​ប​ត្ថ​ម្ភ​គាំទ្រ​លើកទឹកចិត្ត​ពួកគាត់ នឹង​អនុវត្ត​ឱ្យបាន​នូវ​គោលការណ៍​ទាំង ៩ ចំណុច​របស់ ភូមិ ឃុំ មាន​សុវត្ថិភាព​ដូចជា​បញ្ហា​គ្រឿងញៀន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជាដើម​៕​ (ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង)