ប្រមុខ ការ ទូត កម្ពុជា នឹង ដឹកនាំគណៈប្រតិភូទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ ប្រទេសអេស្ប៉ាញ

ប្រមុខ ការ ទូត កម្ពុជា  នឹង ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ចាប់ពី ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩   

តាមសេចក្ដី ប្រកាស ព័ត៌មាន របស់  ក្រសួង ការ បរទេស  និង សហប្រតិបត្តិការ អន្តរជាតិ  ដែល បាន ចេញ ផ្សាយ នៅ ថ្ងៃទី  ១១ ខែធ្នូ  ឆ្នាំ ២០១៩ នេះ បាន អោយ ដឹង ថា  ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹង ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14)  ក្រោមមូលបទ «អាស៊ី និង អឺរ៉ុប – រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព» សំដៅពិភាក្សារិះរកមធ្យោបាយដើម្បីធ្វើឲ្យប្រព័ន្ធពហុភាគីនិយមដំណើរការឡើងវិញ និងដើម្បីកសាងការតភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ទ្វីបទាំងពីរ គឺ អាស៊ី និងអឺរ៉ុប។

 សេចក្ដី ប្រកាស ព័ត៌មាន  ដដែល បានអោយ ដឹងថា  នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន  នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារ ដែលផ្តោតជាសំខាន់ទៅលើបញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្រ្តីនៅក្នុងសន្តិភាពនិងសន្តិសុខ ជាពិសេសនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN PKO)។  ឯកឧត្តម  ក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ  ដែលត្រូវបានរៀបចំឡើងក្នុងលក្ខណៈ ប្រជុំចង្អៀត ។ ជាមួយគ្នានេះ នឹងថ្លែងសុន្ទរកថាអំពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបជូនកិច្ចប្រជុំអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងឆ្នាំ២០២០ (13th ASEM Summit 2020)។ ក្រៅពីនេះ ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួននៃប្រទេសជាសមាជិក ASEM ផងដែរ។

 សូមបញ្ជាក់ ថា  កិច្ចប្រជុំ ASEM គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ដោយផ្តោតលើសសរស្តម្ភបី គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កម្ពុជា បានក្លាយជាសមាជិក ASEM នៅថ្ងៃទី ០៨  ខែតុលា ឆ្នាំ២០០៤ និងគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដែលនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយថែមទៀតសម្រាប់កម្ពុជា  ហើយក៏ជាការបង្ហាញពីតួនាទីដ៏សកម្ម និងប្រកបដោយការស្ថាបនានៅក្នុងក្របខ័ណ្ឌ  ASEM របស់កម្ពុជា៕