វគ្គបណ្តុះបណ្តាលត្រៀម និងបណ្តុះបណ្តាលប្រធានសវនករ ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001 : 2015 

(សៀមរាប)៖ វគ្គបណ្តុះបណ្តាលត្រៀម និងបណ្តុះបណ្តាលប្រធានសវនករនេះ មាន រយៈពេល២សប្តាហ៍ ដែលបានបើកដំណើរការចាប់ពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅនៅខេត្តសៀមរាប ដែលមានគ្រូឧទ្ទសនាម ជាអ្នកជំនាញល្បីឈ្មោះទទួលស្គាល់ដោយអន្តរជាតិ មកពីប្រទេសម៉ាឡេស៊ី និងសឹង្ហបូរី គឺជាវគ្គបណ្តុះបណ្តាលដ៏ពិសេសមួយ ដែលពីមុនមកការបណ្តុះបណ្តាលលើជំនាញសវនករ ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពនេះ ធ្លាប់មានតែក្នុងកម្រឹតថ្នាក់ជាតិតែប៉ុណ្ណោះ ។ វគ្គនេះមានសិក្ខាកាម២០រូប មកពីអង្គភាពពាក់ព័ន្ធស្តង់ដារអន្តរជាតិ៣ប្រទេស ( កម្ពុជា មីយ៉ាន់ម៉ា និង ឡាវ ) បានទទួលការសិក្សាពីវគ្គបណ្តុះបណ្តាលនេះ ។

ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះការធ្វើពាណិជ្ជកម្មមានលក្ខណៈប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ ទាំងនៅក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ដែលទាមទារឲ្យផលិតផលទាំងឡាយ ដែលចេញមកពីខ្សែសង្វាក់ផលិតកម្មប្រកបដោយលក្ខណៈស្តង់ដារនៃការគ្រប់គ្រង ដ៏ត្រឹមត្រូវបំផុត ។ នៅកម្ពុជា មានក្រុមហ៊ុនមួយចំនួនធំ បាននាំចេញផលិតផល ឬក៏ទំនិញរបស់ខ្លួនទៅក្រៅប្រទេស ពុំទាន់មានលក្ខណៈគ្រប់គ្រងលើបញ្ហានេះនៅឡើយនោះទេ ។ ប្រទេសជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅពេលចាប់ផ្តើមធ្វើចរាចរណ៍ទំនិញនាំចេញ-នាំចូល គឺត្រូវអនុវត្តតាមស្តង់ដារអន្តរជាតិ ។

ក៏យ៉ាងដូច្នោះដែរនៅកម្ពុជាប្រព័ន្ធគ្រប់គ្រងនេះ ពុំទាន់បានដំណើរការល្អនៅឡើយ ដូច្នេះតាមរយៈនៃការបណ្តុះបណ្តាលនេះ កម្ពុជាសង្ឃឹមថា នឹងមានសវនករប្រកបសមត្ថភាពទទួលស្គាល់ដោយអន្តរជាតិ ហើយនឹងត្រូវបានប្រើប្រាស់ធនធានមនុស្សទាំងនេះ ក្នុងការជួយវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងរបស់វិស័យឯកជន ឬក្រុមហ៊ុននានា សម្រាប់ការនាំចេញផលិតផលឬទំនិញរបស់ខ្លួន ទៅក្រៅប្រទេសប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ ។

ឯកឧត្តម ក៏បានបញ្ជាក់ឲ្យដឹងដែរថា សិក្ខាកាមដែលបានទទួលយកការបណ្តុះបណ្តាលនេះ នឹងត្រូវឆ្លងកាត់ការប្រឡងយកពិន្ទុ និងធ្វើកំណែរចម្លើយវិញ្ញាសាររបស់សិក្ខាកាម នៅប្រទេសអង់គ្លេស ដោយអង្គភាព RCA ដែលជាអង្គការទទួលស្គាល់លើសមត្ថភាពសវនករ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប