ការធ្វើសមារណកម្មបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ

(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់ស្វាយ និងមានការអញ្ជើញចូលរួម ពីឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ក កងកំម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ៣២០នាក់ ព្រឹកថ្ងៃចន្ទ០២វោច ខែមាឃឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលាស្រុកកំពង់ស្វាយ។


លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយបានឡើងធ្វើរបាយការណ៍ ពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានក្លាយជាចលនា និងសកម្មភាពដ៏វិសេសវិសាលបំផុតដោយមានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់កាន់តែសស្រាក់សស្រាំជាងមុន តាមរយៈចលនាក្រុមប្រជាការពារការផ្តល់ព័ត៌មាន និងការផ្ដល់ឧបករណ៍សម្ភារៈព្រមទាំងលើកស្ទួយនូវគុណតម្លៃ ដែលធ្វើឲ្យសកម្មភាពប្រតិបត្តិការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលមានប្រសិទ្ធភាពរហូតដល់ឃុំ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ មាន១១ឃុំក្នុងស្រុកកំពង់ស្វាយ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍ ការប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃស្រុកកំពង់ស្វាយចំនួន ៥៥នាក់នេះត្រូវតែខិតខំអនុវត្តការងារនៅក្នុងរដ្ឋបាលស្រុករបស់ខ្លួន ឲ្យមានការរីកចម្រើនឡើងប្រកបដោយភាពជោគជ័យ និងមានការទទួលខុសត្រូវរៀងៗខ្លួន។ គិតរហូតដល់ពេលនេះយើងបានរួមសហការគ្នារៀបចំកម្មវិធីថ្នាក់ជាតិនេះ អស់រយៈពេល ៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់រួមមាន÷ ១.ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ២.ការរៀបចំប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការបង្កើតមូលនិធិឃុំសង្កាត់ និងក្រុង/ស្រុករួមទាំងការធ្វើវិមជ្ឈការ ៤.រៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ៥.ការកែសម្រួលរចនាសម្ព័ន្ធថ្មីក្រុង/ស្រុក/ខណ្ឌរួមទាំងផ្ទេរមុខងារនិងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។


ជាចុងក្រោយលោកជំទាវ បានផ្ដាំផ្ញើដល់ទៅសមាសភាព ដែលបានប្រកាសថ្មីនេះ  ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យមានភាពជឿជាក់ និងកំណត់គោលដៅខ្លួនឯងឲ្យបានច្បាស់លាស់។ ចូលរួមបម្រើជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាត់មានជំនឿទុកចិត្តនឹងព្យាយាមខិតខំបង្ហាញពីសកម្មភាពដែលប្រជាពលរដ្ឋជួបការលំបាក៕ ដោយ៖ មន្ទីរព័តមានខេត្តកំពង់ធំ