រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ( ២០២០-២០២៤ )

(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ស្តីពីការរៀបចំពង្រាងក្របខ័ណ្ឌអភិវឌ្ឍ និងការរៀបចំកម្មវិធីអភិវឌ្ឍមូលដ្ឋាន៥ឆ្នាំ ( ២០២០-២០២៤ ) ក្រោមអធិបតីភាពលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងាររៀបចំផែនការអភិវឌ្ឍ៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកជំទាវ លោក លោកស្រី ជាសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំនិង មន្ត្រីជំនាញ នាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា សារៈសំខាន់នៃការខិតខំប្រឹងប្រែង រៀបចំកសាងកម្មវិធីអភិវឌ្ឍមូលដ្ឋានប្រកបដោយសុក្រឹតភាព តម្លាភាព និងច្បាស់លាស់ គឺសំដៅធ្វើឲ្យខ្លឹមសារនៃដំណោះស្រាយនៅក្នុងពង្រាងនៃការរៀបចំនោះ បានក្លាយជាយុទ្ធសាស្រ្តនៃការអនុវត្តផែនការអភិវឌ្ឍនោះ ប្រកបដោយប្រសិទ្ធផល ដូច្នេះសំណូមពរឲ្យសមាជិក សមាជិកានៃកិច្ចប្រជុំនេះ មានស្មារតីទទួលខុសត្រូវខ្ពស់ នាំមកនូវការចូលរួមមតិ យោបល់ លើកឡើងបន្ថែមអំពីមូលហេតុនៃបញ្ហាប្រឈមជាក់ស្តែងកន្លងមក ដើម្បីបន្ថែមធាតុចូលទៅលើដំណោះស្រាយនានា ដែលបានព្រាងទុក នៅក្នុងឯកសារ កសាងកម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប ។

លោកអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា ការចូលរួមជាមតិយោបល់ក្នុងអង្គប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាមូលហេតុនៃបញ្ហាប្រឈមនានា គឺជាគោលបំណងនៃការរៀបចំផែនការអភិវឌ្ឍ ហើយដំណោះស្រាយទាំងឡាយដែលបានកំណត់នៅក្នុងសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍនេះ គឺជាយុទ្ធសាស្រ្តពិតប្រាកដនៅក្នុងកម្មវិធីអភិវឌ្ឍ៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប និងបានក្លាយជាការអនុវត្តជាក់ស្តែងផងដែរ ប្រកបដោយប្រសិទ្ធផល ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍បន្ថែមទៀតថា ដំណើរការនៃការរៀបចំផែនការអភិវឌ្ឍ៥ឆ្នាំនេះ គឺផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌ ប្រកាសអន្តរក្រសួង និងផ្អែកតាមឯកសារដែលតម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែរៀបចំផែនការ៥ឆ្នាំរបស់ខ្លួន ដើម្បីជាចក្ខុវិស័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈដែលរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍ៥ឆ្នាំនេះ ដែលមានសមាសភាពពាក់ព័ន្ធសំខាន់ៗក្នុងរដ្ឋបាលខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តដែលមានវត្តមានអភិបាលនៃគណអភិបាលខេត្ត ជាប្រធាន ។

លោក ឡុង វ៉ាន់សាក់ មន្រ្តីនៃក្រុមការងាររៀបចំផែនការអភិវឌ្ឍ៥​ឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា តារាងនេះ មានសារៈសំខាន់ជាគោល សម្រាប់ដំណើរការនៃការរៀបចំផែនការអភិវឌ្ឍ៥ឆ្នាំនោះ ដោយតារាងនេះ បានរៀបចំឡើងដោយយោងតាមការណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត យោងតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងយោងតាមផែនការនានានៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ហើយការបូកសរុបបញ្ហាប្រឈមនានា និងខ្លឹមសារដំណោះស្រាយ ដែលបានសរសេរចូលក្នុងតារាងនេះក្នុងជំហានទី១កន្លងមក ត្រូវបានឆ្លងកាត់ការពិនិត្យកែលម្អជាច្រើនលើក ច្រើនសារ ដោយមន្រ្តីជំនាញរៀបចំនិងប្រធានសាម៉ីអង្គភាព ដូច្នេះកិច្ចប្រជុំនេះ គឺជាជំហានទី២ សម្រាប់ការរៀបចំកសាង កម្មវិធីអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំ ( ២០២០-២០២៤ ) របស់រដ្ឋបាលខេត្តសៀមរាប មុនដាក់ឆ្លងអនុម័តជាផ្លូវការ ៕

អត្ថបទ និង រូបថត : លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ : លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប