ក្រុមការងារបស់រាជរដ្ឋាភិបាលមូលដ្ឋានស្រុកស្រីស្នំ បានបើកវេទិកាសាធារណៈ ស្ដីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ ២៨ មករា !

(សៀមរាប)៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ បានរៀបចំបើកវេទិកាសាធារណៈស្ដីពី ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារបស់រាជរដ្ឋាភិបាល អភិបាលស្រុក អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប ៦៤២នាក់ ។

មានប្រសាសន៍បើកវេទិកានេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានលើកឡើងថា គោលបំណងសំខាន់នៃការរៀបចំជាវេទិកានេះ គឺដើម្បីធ្វើការដោះស្រាយនូវការលំបាក បញ្ហាប្រឈមនានា និង សំណូមពររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ខណៈពេលដែលមានអាជ្ញាធរ និង តំណាងមន្ទីរ អង្គភាពនានា នឹងធ្វើការបកស្រាយបំភ្លឺ ជាពិសេសគឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និង ក្មួយៗជាសិស្សានុសិស្ស ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ហើយក៏ជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និង ការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និង ឆ្លើយតបចំពោះតម្រូវការ ដែលបានលើកឡើងនោះ ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍ទៀតថា កាលពីសម័យខ្មែរក្រហម កម្ពុជាគឺជាប្រទេសមានផ្ទះ តែគ្មានមនុស្សរស់នៅ ជាសម័យដែលអ្នកចេះដឹងត្រូវគេយកទៅសម្លាប់ ហើយដើម្បីរំដោះយកជីវិតប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ពីការកាប់សម្លាប់ដ៏យង់ឃ្នង សម្ដេចតេជោ ហ៊ុន សែន បានខិតខំតស៊ូ មិនគិតពីអាយុជីវិត លះបង់ក្រុមគ្រួសារ រហូតទទួលបានជ័យជម្នះ លើរបបខ្មែរក្រហម ដូច្នេះ ថ្ងៃ ៧ មករា គឺជានិមិត្តរូប នៃសន្តិភាព ជ័យជម្នះ និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជាមកដល់សព្វថ្ងៃ ក្នុងកាលៈទេសៈណាក៏ដោយ យើងមិនត្រូវឲ្យជនណាម្នាក់ មកបំផ្លាញសន្តិភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់កម្ពុជាឡើយ ។

សូមបញ្ជាក់ថា ក្នុងអង្គវេទិកានេះ មានសិស្សានុសិស្សបានលើកឡើងជាសំណួរ និងសំណូមពរ ស្ដីអំពីបញ្ហាការកែតម្រូវអត្រានុកូលដ្ឋាន , ការដុតវាលស្រែចំការ , ការនាំចូលទំនិញខុសច្បាប់ , បញ្ហាគ្រឿងញៀន និងផ្លូវដីហុយនៅតាមសាលា ហើយក៏ត្រូវបានអង្គវេទិកា បកស្រាយ និងដោះស្រាយនៅនឹងកន្លែង ដោយឡែកសំណើសុំអគារសិក្សា និងការកសាងសមិទ្ធផលនានាក្នុងសាលា ឯកឧត្តមប្រធានបានណែនាំដល់គណៈអភិបាលស្រុករៀបចំសំណើ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល ធ្វើការសម្រេចនៅពេលក្រោយ ៕

រូបភាព : លោក ខេង ឧត្តម
អត្ថបទ : លោក សេង ផល្លី
មន្ទីរព័ត៌មានខេត្តសៀមរាប