វគ្គបណ្តុះបណ្តាលការអនុវត្តច្បាប់ ស្តីពី” របបសារព័ត៌មាន ” !

(សៀមរាប)៖ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ក្រោមកិច្ចសហការជាមួយសាលាខេត្តសៀមរាប និង មន្ទីរព័ត៌មានខេត្ត ។ អ្វីដែលជាគោលបំណងសំខាន់របស់វគ្គបណ្តុះបណ្តាលនេះ គឺចង់ផ្តល់ជូនបន្ថែមដល់អ្នកសារព័ត៌មានក្នុងខេត្ត ឲ្យបានយល់ដឹងកាន់ច្បាស់អំពីសិទ្ធិរបស់អ្នកសារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មាន អំពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ស្របពេលដែលវិស័យព័ត៌មាននៅកម្ពុជា កំពុងតែមានការរីកចម្រើន ហើយចំនួនអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា កាន់តែមានចំនួនកើនឡើងឥតឈប់ឈរ ។

លោក រុន សារ៉ាយ នាយកប្រតិបត្តិរបស់អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា លើកឡើងថា ៖ ទន្ទឹមនឹងការគោរពច្បាប់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានត្រូវតែឈរគោលគោលការណ៍ ៣ចំណុចបន្ថែមទៀត គឺឯករាជភាព សុច្ចរិចភាព និងទំនួលខុសត្រូវលើការសរសេរផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដោយការថ្លឹងថ្លែងចៀសវាងការចេញផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សង្គមជាតិ ហើយកាន់តែធ្ងន់នោះ គឺការប៉ះពាល់ដល់ការអភិវឌ្ឍសដ្ឋកិច្ច និងសន្តិសុខជាតិ ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បានលើកឡើងដែរថា ៖ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការការងារសារព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្ត ដោយមានកិច្ចសហការផងដែរជាមួយអង្គការដៃគូនានា បានយកចិត្តទុកដាក់ខ្ពស់ រៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល បង្កឱកាសឲ្យមានការជួបជុំគ្នា នៃអ្នកសារព័ត៌មាន ដើម្បីប្រមូលមតិយោបល់ សំណូមពរ បទពិសោធន៍សំខាន់ៗ ដោះស្រាយបញ្ហាប្រឈមនានា ពិសេសនោះគឺអប់រំផ្សព្វផ្សាយអំពីតួនាទីរបស់អ្នកសារព័ត៌មាន ដែលជាកញ្ចក់ឆ្លុះបង្ហាញអំពីការពិតរបស់សង្គម និងជាស្ពានចម្លងសារពីស្ថាប័នរដ្ឋជូនប្រជាជន ពីសហគមប្រជាពលរដ្ឋទៅកាន់ស្ថាប័នរដ្ឋវិញ ។ យ៉ាងណាក៏ដោយ ភ្នាក់ងារយកព័ត៌មានមិនមែនជាអាជ្ញាធរ មិនមែនជាកម្លាំងសមត្ថកិច្ច-តុលាការ ត្រូវលុបបំបាត់ឲ្យបាន ។

លោក ចឹក គឹមជុន តំណាងឲ្យអាជ្ញាធរខេត្តសៀមរាប សំណូមពរ សូមឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយ: នៃការបញ្ចេញព័ត៌មានពិតឆ្លើយតបព័ត៌មាន និងប្រតិកម្មឲ្យបានទាន់ពេលវេលារាល់ព័ត៌មានអគតិក្នុងមូលដ្ឋាន ។ លោក ក៏បានរំលឹកដែរថា ៖ ពាក្យស្លោកមួយឃ្លា ដ៏មានតម្លៃនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ) គឺមានអត្ថន័យដ៏ស៊ីជម្រៅបំផុត សម្រាប់ការគោរពប្រតិបត្តិ នៃអ្នកសារព័តមាន ។

នៅក្នុងបទសម្ភាសន៍ជាមួយលោក អ៊ុន ច័ន្ទថុល មេធាវីប្រចាំអង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ក៏ជាការឆ្លុះបង្ហាញផងដែរថា ៖ ការធ្វើទំនើបកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការវិវត្តន៍នៃសង្គមជាតិ និងពិភពលោក ក៏ប៉ុន្តែមិនអាចខ្វះបានទេ នូវការគ្រប់គ្រងមួយដែលមានប្រសិទ្ធភាព នោះគឺការអនុវត្តច្បាប់ និងសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន បើមិនយ៉ាងដូច្នោះទេ ផលអវិជ្ជមានវានឹងកើតឡើង បង្កភាពស្មុគស្មាញក្នុងសង្គមជាតិ ។ លោកថា ៖ ការចេញផ្សាយរបស់ស្ថាប័នសារព័ត៌មានអនឡាញ ផេក-ហ្វេសប៊ុក ឬកាសែត មិនគួរប្រញាប់ពេកទេ ត្រូវមានប្រភពយោង និងពិនិត្យឲ្យបានច្បាស់លាស់ ដែលអាចទទួលយកបាន ។

លោកពន្យល់ថា ការផ្សាយព័ត៌មានខុស វានឹងក្លាយជាព័ត៌មានមិនពិត ហើយបើទោះជាមានការចុះផ្សាយបកស្រាយបំភ្លឺយ៉ាងណាក៏ដោយ ក៏មិនអាចលាងជម្រះព័ត៌មានមិនពិតនោះបាន១០០ភាគរយឡើយ ព្រោះថាជួនកាល អ្នកទទួលព័ត៌មានមិនពិតទាំងនោះ ពុំបានឃើញព័ត៌មានស្រាយបំភ្លឺទាំងអស់គ្នានោះឡើយ នោះហើយគឺជាផលវិបាក ។

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មិនធ្វើនយោបាយ ទទួលជំនួយឧបត្ថម្ភពី Internews ដែលមានស្នាក់ការនៅទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ឲ្យមានការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ។ គម្រោងនេះ មានរយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សម្រាប់ខេត្តគោលដៅចំនួន២ គឺខេត្តសៀមរាប និងបាត់ដំបង ៕

អត្ថបទ និងរូបភាព: លោក ងិន គឹមឡេង
កែសម្រួលដោយលីវ សុខុន