ឯកឧត្ដម ទៀ សីហា អញ្ជើញជាអធិបតីបើកសិក្ខាសាលា ពីឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្ដផែនការសកម្មភាពការងារ ខេត្ដសៀមរាប !

(សៀមរាប)៖ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ដសៀមរាប បានអញ្ជើញបើកសិក្ខាសាលា ស្ដីពីឆ្លុះបញ្ចាំងលទ្ធផល នៃការអនុវត្ដផែនការសកម្មភាពការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០របស់ គកសក ខេត្ត ដែលធ្វើឡើងនៅសាលប្រជុំខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ ។

ឯកឧត្ដម បានមានប្រសាសន៍ ដោយសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់គណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្តនាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏សូមសម្តែងនូវការកោតសរសើរ និងអបអរសាទរដល់លោកជំទាវប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា គ.ក.ស.កខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនអស់រយ:ពេលពេញមួយឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងពីតម្រូវការរបស់ស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះ ព្រមទាំងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងក្របខ័ណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការអនុវត្តតួនាទី ភារកិច្ចនេះទទួលបានជោគជ័យ និងមានប្រសិទ្ធភាពល្អអាស្រ័យដោយមានការគាំទ្រ សហការយ៉ាងជិតស្និទ្ធរបស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលផងដែរ ។

ឯកឧត្ដមបានបន្ដថា សិក្ខាសាលានាថ្ងៃនេះនឹងឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: និងកំណែទម្រង់រដ្ឋបាលសាធារណ:សម្រាប់ធានាជោគជ័យនៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦។

ឯកឧត្ដម ក៏បានបញ្ជាក់ អំពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង លិខិតបទដ្ឋានពាក់ព័ន្ធ ក៏បានចែងនូវបញ្ញត្តពាក់ព័ន្ធការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិមានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលធានាដល់ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន សមធម៌សង្គម ទាំងការតែងតាំង និងការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនការអភិវឌ្ឍន៍ ការរៀបចំថវិកា ព្រមទាំងបានបង្កើតនូវយន្តការ និងនីតិវិធីនានា ដើម្បីធានាបញ្ហាស្រ្តី យុវវ័យ កុមារ និងក្រុមជនងាយរងគ្រោះត្រូវបានយកចិត្តទុកដាក់ក្នុងកិច្ចដំណើរការ នៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

ឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដមស្នើអោយមានចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងគោលបំណងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងយកចិត្តទុកដាក់អនុវត្តនាពេលបច្ចុប្បន្ន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវា- សាធារណ:ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយសមធ៌ម មានតម្លាភាព និង គណនេយ្យភាពសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

អត្ថបទ នឹងរូបភាព: លោក បូ សាវី
កែសម្រួលដោយលីវ សុខុន