កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន ១៦ ជូនប្រជាពលរដ្ឋចំនួន ២២៥ គ្រួសារ រស់នៅ ខេត្តតាកែវ

(តាកែវ) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែ មាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេស ចំនួន១៦ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ២២៥ គ្រួសារ (ស្មើនឹងមនុស្ស ១.១០៧នាក់) រស់នៅ ភូមិចំនួន ១០ ក្នុងឃុំចំនួន៦ នៃស្រុកចំនួន៣ រួមមាន ស្រុកត្រាំកក់ ស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់ លោកតាលោកយាយ និងប្រជាពលរដ្ឋទាំងអស់ និងសូមគិតគូរថែទាំសុខភាពឱ្យបានល្អ ជាពិសេសក្នុងរដូវក្តៅនេះ ត្រូវពិសាទឹកដាំពុះ សម្អាតបរិស្ថាន ត្រូវលាងដៃឱ្យបានស្អាតជាប់ជានិច្ច មុនពេលបរិភោគអាហារ ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទាំងទឹកស្អាត និងទឹកកសិកម្ម ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយសារតំបន់ខ្លះអាចប្រឈមនឹងគ្រោះរាំងស្ងួតដោយសារបញ្ហាបម្រែបម្រួល អាកាសធាតុ និងរួមគ្នាថែរក្សាជួសជុលសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យបានគង់វង្សយូរអង្វែងតទៅ ។ ទន្ទឹមនិងនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានថ្លែងថាសមិទ្ធផលអណ្តូងទឹកដែលកើតមានឡើងនាពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងវប្បធម៍សន្ទនា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ នេះ ខេត្តតាកែវ បានទទួលអណ្តូងទឹកស្អាតសរុបចំនួន ១១៣ អណ្តូង ពីកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ក្នុងស្រុកគោលដៅចំនួន ៩ស្រុក/ក្រុង រួមមានក្រុងដូនកែវ ស្រុកទ្រាំង ស្រុកបុរីជលសារ ស្រុកត្រាំកក់ ស្រុកសំរោង ស្រុកបាទី ស្រុកព្រៃកប្បាស ស្រុកកោះអណ្តែត ស្រុកគិរីវង់ មាន៥១ឃុំ ស្មើនឹង ១០១ភូមិ មានប្រជាពលរដ្ឋទទួលផលចំនួន ១.០៧២ គ្រួសារ ស្មើនឹង ៨.១៨០នាក់ ហើយជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម បានសំដែងនូវក្តីរំភើបរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ក្នុងនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានមានប្រសាស៍បន្ថែមថា សមិទ្ធផលទាំងនេះជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលចូលរួមលើកកម្ពស់អនាម័យសុខភាពនៅតាមសហកគមន៍ដាច់ស្រយាល និងការកាត់បន្ថយអត្រាឈឺ និងស្លាប់របស់កុមារកម្ពុជា ដែលឆ្លងតាមរយៈទឹក និងចូលរួមលើកកម្ពស់គុណភាពទឹកនៅជនបទ មិនត្រឹមតែធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់ និងសេវាអនាម័យមូលដ្ឋាន ដែលជាសិទ្ធិទទួលបានរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៧៦ គ្រួសារ មកពីភូមិបុស្សតាផង់ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយក្នុងមួយគ្រួសារទទួលបាន ឃីត១ (មុង, ភួួយ, ក្រមានិងអាវយឺត) និងថវិកាមួយចំនួន។

គ្រួសារនីមួយក៏ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ប្រហុកចំនួន១គីឡូក្រាម និងថវិកាមួយចំនួន ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ផងដែរ៕