ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចង់ឃើញយុវវជនសម័យថ្មី មានចំណេះដឹងជាមូលដ្ឋាន ស្គាល់ពីតួនាទី និងតម្លៃ នៃគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម !

(ព្រះវិហារ)៖ នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងស្រុក ចុះបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូនដល់យុវជនកាកបាទក្រហម នៅស្រុកចំនួនពីរ គឺស្រុកឆែប និងស្រុកគូលែន ក្នុងរវាងពីរថ្ងៃបន្តបន្ទាប់គ្នា គឺ នៅថ្ងៃទី៥កុម្ភះ បានធ្វើនៅវិទ្យាល័យកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប និងនៅថ្ងៃទី៦កុម្ភះនេះ ធ្វើនៅវិទ្យាល័យគូលែន ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជនជាង១០០នាក់។

ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានថ្លែងថា ការបើកវគ្គជាមូលដ្ឋាន ជូនយុវជនកាកបាទក្រហមកម្ពុជា នៅក្នុងរយះពេល២ថ្ងៃនេះ គឺមានយុវជនកាកបាទក្រហម ចូលរួម ១២០នាក់ នៅក្នុងវិទ្យាល័យកំពង់ស្រឡៅ ៤២នាក់ ក្នុងនោះយុវជនរើសថ្មី ១៥នាក់ ស្រី១៤នាក់ និងនៅវិទ្យាល័យគូលែន ៧៨នាក់ យុវជនរើសថ្មី ២០នាក់ ស្រី ១៨នាក់ សរុប ១២០នាក់ យុវជនរើសបញ្ចូលថ្មី ៣៥នាក់ ស្រី ៣២នាក់។ លោកបានថ្លែងទៀតថា ការបើកវគ្គបំប៉នដល់យុវជនកាកបាទក្រហម នៅក្នុងពេលនេះ មានគោលបំណងចង់អោយប្អូនៗ បានដឹង និងបានយល់អំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ស្គាល់ពីតម្លៃតួនាទីរបស់ខ្លួន ដែលជាយុវជនកាកបាទក្រហម ជាពិសេស ចង់អោយប្អូនៗចេះ នូវវិជ្ជាសង្គ្រោះបឋម ផងទៀត។

លោកប្រធានយុវជនខេត្ត បានបន្តថា ការរើសបញ្ចូលសមាជិកយុវជនថ្មីនៅពេលនេះ បន្ទាប់ពីយុវជនមុនបានប្រឡងជាប់ និងបានបន្តការសិក្សាទៅមុខបន្ថែមទៀត ដូចនេះ ការជ្រើសរើយកយុវជនសថ្មី បើមបីបំពេញយុវជនមុខ និងបានបើកវគ្គបំប៉នចំណេះដឹង ជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូនដល់យុវជនទាំងថ្មី និងទាំងចាស់។ លោកបានផ្តាំផ្ញើ ដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ អោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ អោយខ្ជាប់ខ្ជួនទាំងអស់គ្នា មិនត្រូវប្រព្រឹត្តអំពើហឹង្សា ត្រូវចេះជួយកិច្ចការងារផ្ទះ ត្រូវខិតខំថែរក្សាសុខភាព និងមានអនាម័យល្អ ជាមួយនឹងការលាងសម្អាតដៃ ដើម្បីការពារជំងឺកូរ៉ូណា ដែលទើបកើតឡើងនៅពេលថ្មីកន្លងមកនេះ។ លោកប្រធាន បានប្រគល់សៀវភៅ « ចំណេះដឹងមូលដ្ឋានវិជ្ជាសង្គ្រោះបឋម » ១០ក្បាល និងសម្ភារៈវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្រាប់ជំនួយស្មារតី ក្នុងការស្វែងយល់បន្ថែម លើភាពខ្វះចន្លោះ ៕