អាជ្ញាធរជាតិអប្សរាមានគម្រោងបង្កើតទេសចរណ៍សត្វនៅតំបន់អង្គរ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់ឱ្យដឹងថា នៅរមណីយដ្ឋានអង្គរ ក្រៅពីមានប្រាង្គប្រាសាទដ៏មហអស្ចារ្យ ក៏មានព្រៃឈើជាដែនជម្រកសត្វព្រៃដ៏មានសក្តានុពល សុខដុម និងសុវត្ថិភាព ដែលត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEALLIANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើសម្រេចជ្រើសរើសជាទីតាំងសម្រាប់លែងសត្វព្រៃកម្រ និងជិតផុតពូជមួយចំនួនផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិចូលទស្សនាកំសាន្តបន្ថែមទៀតក្រៅពីប្រាសាទអង្គរវត្ដ។

លោក យិត ចាន់ដារដ្ឋា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានអោយដឹងកាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០នេះថា រយ:ពេល៦ឆ្នាំកន្លងមកនេះសត្វព្រៃកម្រ និងជិតផុតពូជចំនួន៥ប្រភេទ រួមមាន សត្វទោចម្កុដចំនួន ៨ក្បាល, សត្វឈ្លូស៤ក្បាល, សត្វសំពោចក្រអូប៥ក្បាល, សត្វភេ៥ក្បាល, និងសត្វស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្សាំង និងព្រលែងឱ្យរស់នៅក្នុងព្រៃឧទ្យានអង្គរ ក្រោមការមើលថែទាំយ៉ាងល្អប្រសើរ មន្ត្រីអភិរក្ស នៃអាជ្ញាធរជាតិអប្សរា ។ ប្រភពសត្វទាំងនេះខ្លះយកមកពីឧទ្យានភ្នំតាម៉ៅ និងខ្លះយកមកពីកោះក្រពី ខេត្តកោះកុង ហើយយកមកព្រលែងនៅទីតាំងសំខាន់ៗចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ ដូចជា នៅខ្លោងទ្វារខ្មោច, ខ្លោងទ្វារតាកាវ និងប្រាសាទតានៃ ដែលមានព្រៃស្តុកស៊ុបទ្រុប សុវត្ថិភាពសម្រាប់ការស់នៅរបស់ពួកវា ។ លោកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាក៏គ្រោងយកសត្វក្ងោក និងសត្វព្រៃប្រឈមផុតពូជមួយចំនួនទៀតមកព្រលែងនៅព្រៃនៃរមណីយដ្ឋានអង្គរ ក្នុងបំណងរួមចំណែកអភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះថ្នាក់ និងការផុតពូជ ។

លោកបានបន្ដថា សត្វព្រៃក៏ជាប្រភពដ៏សំខាន់មួយក្នុងការទាញភ្ញៀវទេសចរ ព្រោះវាបានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សជាតិ និងធនធានធម្មជាតិ ។ ផ្ទុយទៅវិញវាគឺ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ បើមនុស្សមិនរំលោភបំពានលើពួកវាទេ ។

លោកយិត ចាន់ដារដ្ឋ បានបន្ដថា ចំពោះការថែទាំសត្វព្រៃកម្រទាំង ៥ប្រភេទនេះ មានភ្នាក់ងារបំពេញការងារជាប្រចាំចំនួនពីរនាក់ មានកាម៉េរាសុវត្ថិភាពសម្រាប់តាមដានសកម្មភាពសត្វ និងសកម្មភាពយាយីពីជនខិលខូចទៀតផង។ មិនតែប៉ុណ្ណោះក៏មានការចុះតាមដានដោយផ្ទាល់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃយ៉ាងតិច១ខែម្តង ដើម្បីពិនិត្យតាមដានពីសុខភាពសត្វផងដែរ ។ នៅក្នុងតំបន់អង្គរ ក្រៅពីមានសត្វព្រៃកម្រទាំង៥ប្រភេទនេះ ក៏មានសត្វជាច្រើនប្រភេទដែលបានរស់នៅតាំងពីយូរលង់មកហើយដែរ ដូចជា សត្វស្ទាំង សត្វពស់ សត្វកាំប្រមា និងសត្វមាន់ព្រៃជាដើម ។ ជាមួយគ្នានេះលោក បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ សូមចូលរួមថែរក្សាសត្វព្រៃទាំងនេះ ឱ្យបានគង់វង្ស ហើយនៅពេលឃើញពពួកសត្វទាំងនោះកុំតាមប្រមាញ់សម្លាប់ពួកគេ ដើម្បីថែរក្សាទុកជាប្រយោជន៍សាធារណ: ៕
អត្ថបទ និងរូបភាព: លោកប៊ូ សាវី
កែសម្រួលដោយ លីវ សុខុន