អគ្គនាយិកាវិទ្យុជាតិកម្ពុជាជំរុញការផលិតព័ត៌មានថ្មីៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ASEMអោយបានច្រើន

វិទ្យុជាតិកម្ពុជា៖

អគ្គនាយិកាវិទ្យុជាតិកម្ពុជាដាក់ផែនការបង្កើនការផលិតព័ត៌មានថ្មីៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ី អឺរ៉ុបអោយបានច្រើន ដើម្បីជាចំណេះដឹងដល់ប្រជាពលរដ្ឋ ខណះដែរកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលដ៏ធំនេះនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំក្រុមការងារនាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេសនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានារសៀលថ្ងៃទី៥ខែកុម្ភៈនេះ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានជំរុញដល់មន្ត្រីជំនាញទាំងអស់អោយបង្កើនការផលិតព័ត៌មានខ្លីៗ បទយកការណ៍ កម្មវិធីពិភាក្សាតុមូល និងកម្មវិធីកម្សាន្តនានាពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៉ីអ៉ឺរ៉ុបលើកទី១៣នៅកម្ពុជា ដើម្បីអោយប្រជាពលរដ្ឋបានដឹងពីគ្រប់ព្រឹត្តិការណ៍នៃដំណើរការកិច្ចប្រជុំនេះដែលជាប្រយោជន៍ដល់សំខាន់ចំពោះប្រជាពលរដ្ឋ។ លោកជំទាវបញ្ជាក់ថា ព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ីអ៉ឺរ៉ុបលើកទី១៣នេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាជននិងប្រទេសកម្ពុជា ព្រោះវាបង្ហាញពីមុខមាត់និងសក្តានុពលសំខាន់ៗរបស់កម្ពុជាទៅដល់អន្តរជាតិដែលមានប្រទេសចូលរួមរហូតដល់ជាង៥០ប្រទេស។

បន្ថែមពីនេះទៀតលោកជំទាវបានបន្តណែនាំការផលិតព័ត៌មានថ្មីៗប្រកបដោយគុណភាព និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅសង្គម ដើម្បីចូលរួមទប់ស្កាត់ការពារកុំឲ្យព័ត៌មាន ក្លែងក្លាយបង្កផលប៉ៈពាល់នៅក្នុងសង្គម។

ក្រុមមន្ដ្រីព័ត៌មានទំាងអស់ប្តេជ្ញានឹងត្រូវខិតខំផលិតព័ត៌មានថ្មីៗប្លែកៗនៅតាមមូលដ្ឋាននិងព្រឹត្ដិការណ៍សំខាន់ៗនៅក្នុងសង្គមអោយបានច្រើនបន្ថែមទៀតក្នុងទិសដៅលឿន រហ័ស ជឿទុកចិត្ដបាន ទីណាក៏បាន តាមផែនការ ដើម្បីផ្តល់ព័ត៌មានពិតត្រឹមត្រូវដល់ប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍នៃព្រឹត្តិការណ៍នីមួយៗ។ 

ការជំរុញផលិតព័ត៌មានថ្មីៗនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកស្តាប់នៅទូទំាងប្រទេសបានដឹងពីព្រឹត្ដិការណ៍ថ្មីៗនៃការវិវត្ដន៍របស់កម្ពុជាពិសេសព្រឹត្តការណ៍អាស៉ីអ៉ឺរ៉ុបនៅកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យុកម្ពុជា បានផលិតព័ត៌មានថ្មីៗប្លែកទាន់ហេតុការណ៍ជាច្រើនសម្រាប់ចាក់ផ្សាយនៅ វិទ្យុជាតិកម្ពុជា AM 918 KHz វិទ្យុវត្តភ្នំ FM 105.70 MHz និងអេបវិទ្យុជាតិកម្ពុជា អេបក្រសួងព័ត៌មានផងដែរ។