មន្ត្រីរាជការ សិស្សនិស្សិត សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងខេត្តត្បូងឃ្មុំ នាំគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអ្នកជំងឺ ដែលត្រូវការឈាម

(ត្បូងឃ្មុំ)៖ មន្ត្រីរាជការ សិស្សនិស្សិត សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងខេត្តត្បូងឃ្មុំយ៉ាងច្រើនកុះករ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងអ្នកជំងឺ ដែលត្រូវការឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់សេចក្ដីស្រលាញ់» ក្រោមអធិបតីភាពឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅ សាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត សំដែងនៃសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ជួយសង្គ្រោះជីវិត ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនាពេលនេះ។ ម្យ៉ាងទៀត ការបរិច្ចាគឈាមនាពេលនេះ គឺមានអត្ថប្រយោជន៍ណាស់ ក្នុងការជួយដល់អ្នកជំងឺដែលខ្វះឈាម ហើយបង្ហាញពីសាមគ្គីភាព ទឹកចិត្តមនុស្សធម៌ ក្នុងការចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ក្នុងនោះ វាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះខ្វះឈាម ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។

ឯកឧត្តម ក៏បានធ្វើកោតសរសើរចំពោះប្រធានស.ស.យ.កខេត្តត្បូងឃ្មុំ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នងទង្វើសប្បុរសធម៌ក្នុងពេលកន្លងមក ដូចជាការងារសុខាភិបាល គ្រោះមហន្តរាយ ចរាចរណ៍ និងផ្សព្វផ្សាយរាល់ការងារមនុស្សធម៌ក្នុងសង្គម។
ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បន្ដថា «ពិតណាស់ការផ្ដល់ឈាម មិនមានការប៉ះពាល់ដល់សុខភាពនោះទេ ហើយថែមទាំងទទួលបានសុខភាពល្អទៀតផង ពិសេសបានជួយសង្គ្រោះជីវិតមនុស្ស ឲ្យរួមផុតពីសេចក្ដីស្លាប់) ដូច្នេះឯកឧត្តម ក៏សូមអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្ដាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្គ្រោះជីវិតមនុស្ស ៕