បញ្ហាយេនឌ័រ និងជនពិការភាពរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត

(កំពង់ធំ) ៖ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារសកម្មភាពជនពិការរបស់ក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការជំនាញស្វែងរកគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព និងមានការអញ្ជើញចូលរួមពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោកជំទាវ លោក លោកស្រីដែលអញ្ជើញមកពី ០៨ខេត្ត រាជធានី ក្នុងនោះ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញសរុប៥០នាក់ស្រី ៤៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលបីថ្ងៃគឺថ្ងៃទី០៤-0៥-0៦ ខែកុម្ភៈឆ្នាំ ២០២០នៅសណ្ឋាគារពន្លឺថ្មីខេត្តកំពង់ធំ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានលើកឡើងថា ដោយមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំនេះហើយ ជនពិការគ្រប់រូបត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត និងផ្ដល់អទិភាពនិងឱកាសជាច្រើនសម្រាប់ជួយជំរុញលើកទឹកចិត្តធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសិទ្ធិនិងផលប្រយោជន៍គ្រប់យ៉ាងដូចជនមិនមានពិការភាពដែរ។លោកជំទាវបន្តថា បច្ចុប្បន្នចំពោះវិស័យការងារជនពិការត្រូវបានលើកទឹកចិត្តក្នុងការផ្ដល់អាទិភាពដែលរាជរដ្ឋាភិបាលកំណត់ នឹងត្រូវអនុវត្តជ្រើសរើសជនមានពិការភាពចូលរួមបម្រើការងារនៅក្នុងស្ថាប័ន អង្គភាពរបស់ខ្លួនក្នុងនោះស្ថាប័នរដ្ឋត្រូវជ្រើសរើសចំនួន ០២%នៅផ្នែកឯកជនចំនួន ០១%។ រដ្ឋាភិបាលកម្ពុជាបានបង្កើតនូវច្បាប់គោលនយោបាយនានា គាំទ្រលើកកម្ពស់និងជំរុញឲ្យជនពិការមានជីវភាពរស់នៅសមរម្យដោយមិនទុកឲ្យជនពិការភាពណាម្នាក់រស់នៅដោយឯកានោះឡើយ។

មានប្រសាសន៏បើកវគ្គបណ្តុះបណ្តាលក្នុងឧិកាសនោះ លោកជំទាវ ញ៉ែម មរកត បានមានប្រសាសន៍ថាការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤ និងទី ០៥ ដែលបានបន្តចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការពង្រឹងសមត្ថភាពយេនឌ័រ ឆ្លើយតបនិងការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល និងក្នុងគោលដៅដើម្បីបន្តលើកកម្ពស់ស្ថានភាពជីវភាពរបស់ស្ត្រី និងក្មេងស្រីនៅតាមសហគមន៍។ ដើម្បីលើកកំពស់សមត្ថភាពយេនឌ័រនិងសមត្ថភាពស្ត្រីជាពិសេសគឺវិស័យពិការភាពគឺធ្វើឡើងតាមរយៈការចរចាបញ្ចុះបញ្ចូលក៏ដូចជាការស្វែងរកការគាំទ្រមតិដើម្បីធ្វើយ៉ាងណាឱ្យសង្គមសហគមន៍ទទួលស្គាល់នឹងឆ្លើយតបអំពីតម្លៃនៃការគាំទ្រលើកកម្ពស់វិស័យពិការភាពនិងសមភាពយេនឌ័រនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។

ជាចុងក្រោយលោកជំទាវបានផ្ដាំផ្ញើដល់អ្នកចូលរួមវគ្គសិក្ខាសាលានេះនឹងខិតខំពង្រឹងចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបញ្ហាយេនឌ័រ និងជនពិការភាពនេះដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះនិងជំនាញពិតប្រាកដ៕