មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បើកបណ្តុះបណ្តាលជូនគ្រូពេទ្យបង្គោលជំនាញព្យាបាល និង ថែទាំអ្នកជំងឺឈាមកម្រ-កក

(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមកិច្ចសហការជាមួយសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានបើកបណ្តុះបណ្តាលមួយ លើជំនាញព្យាបាល និង ថែទាំអ្នកជំងឺហេម៉ូហ្វីលា ( Haemophilia ) ឬហៅថា ជំងឺឈាមកម្រ-កក ជូនដល់គ្រូពេទ្យបង្គោលជំនាញមកពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំចំនួន៣រូប និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន៣រូប ក្នុងនោះមានវេជ្ជបណ្ឌិត១រូប , អ្នកជំនាញព្យាបាលដោយចលនា១រូប និងគិលានុប្បដ្ឋាកចំនួន១រូប លើជំនាញថែទាំព្យាបាលជម្ងឺហេម៉ូហ្វីលា ដើម្បីទទួលព្យាបាលបន្ត ចំពោះអ្នកជម្ងឺហេម៉ូហ្វីលា សម្រាប់មនុស្សពេញវ័យលើសពី១៦ឆ្នាំ ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឲ្យដឹងថា ជំងឺឈាមកម្រ-កកនេះ គឺជាជំងឺម្យ៉ាងដែលអាចបណ្តាលឲ្យហូរឈាម ខណៈអ្នកជំងឺ មិនត្រឹមតែមានការហូរឈាមលឿនជាងធម្មតានោះទេ ប៉ុន្តែការហូរឈាមនេះ មានរយៈពេលយូរជាងធម្មតា ដោយសារតែឈាមរបស់អ្នកជំងឺ មិនមានសារធាតុកត្តាឈាមកក គ្រប់គ្រាន់ ហើយនៅប្រទេសកម្ពុជា មានមន្ទីរពេទ្យកុមារចំនួន២ បានទទួលការថែទាំ-ព្យាបាលកុមារ ដែលកើតជំងឺឈាមកម្រ-កក តាំងពីឆ្នាំ២០០៤ គឺមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារអង្គរ ខណៈសម្រាប់មនុស្សពេញវ័យលើសពី១៦ឆ្នាំ ពុំមានមន្ទីពេទ្យព្យាបាលជំងឺនេះឡើយ ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្រ្តា បានឲ្យដឹងទៀតថា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានទទួលកិច្ចសហការជាមួយសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា ស្រាវជ្រាវរោគសញ្ញា និងបើកការថែទាំព្យាបាលកុមារមានជំងឺហេម៉ូហ្វីលា ហើយអ្វីដែលចាត់ទុកថាជាបញ្ហាប្រឈម គឺមកដល់ពេលនេះ ពុំទាន់មានមន្ទីរពេទ្យណាមួយទទួលព្យាបាលអ្នកជំងឺហេម៉ូហ្វីលា ដែលមានអាយុលើសពី១៦ឆ្នាំនោះឡើយ ដូច្នេះយើងគិតថា ការបើកវគ្គបណ្តុះបណ្តាលដល់គ្រូពេទ្យមកពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លើកដំបូងនេះ គឺជាការចាប់ផ្តើមថ្មីមួយ ដើម្បីទទួលព្យាបាលបន្ត អ្នកជំងឺហេម៉ូហ្វីលា សម្រាប់មនុស្សពេញវ័យ លើសពី១៦ឆ្នាំ ។

លោក សែម សុបញ្ញា ប្រធានសមាគមជម្ងឺហេម៉ូហ្វីលាកម្ពុជា និងជា​ជនពិការដោយសារជំងឺនេះ បានបង្ហាញថា តាមរបាយការណ៍របស់សហព័ន្ធជំងឺហេម៉ូហ្វីលាពិភពលោក ក្នុងចំណោមមនុស្សមួយម៉ឺននាក់ មានមនុស្សម្នាក់ប៉ុណ្ណោះ ដែលមានជំងឺនេះ ហើយនៅប្រទេស​កម្ពុជា បើគិតតាមប្រជាសាស្រ្ត ក្នុងចំនួនប្រជាជន១៥លាននាក់ គឺអាចមានអ្នកកើតជំងឺហេម៉ូហ្វីលាប្រហែលពី ២.០០០ ទៅ ៣.០០០​នាក់ ប៉ុន្តែជាក់ស្តែង គឺរកឃើញអ្នកជំងឺនេះត្រឹមតែ​១៧៦​នាក់ប៉ុណ្ណោះ កំពុងទទួលការថែទាំ-ព្យាបាលនិងធ្វើរោគវិនិច្ឆ័យ ក្នុងនេះនៅមន្ទីរពេទ្យកុមារជាតិ ចំនួន៥៥នាក់ និងនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន១២១នាក់ ដែលអ្នកជំងឺទាំងអស់ភាគច្រើនជាក្មេងប្រុស ស្ថិតនៅក្នុងគ្រួសារក្រីក្រតាមជនបទ ។

សូមបញ្ជាក់ថា ជំងឺហេម៉ូហ្វីលា ឬ ជំងឺឈាមកម្រ-កក នេះ វាគឺជាប្រភេទជំងឺតំណរពូជ ដែលមិនអាចព្យាបាលឲ្យជាសះស្បើយបាននោះទេ ខណៈអ្នកជំងឺត្រូវរស់នៅជាមួយជំងឺនេះ និងត្រូវទទួលការថែទាំព្យាបាលពេញមួយជីវិត ប៉ុន្តែអ្វីដែលគ្រូពេទ្យអាចជួយបាន គឺការសង្គ្រោះនៅពេលដែលអ្នកជំងឺមានបញ្ហាតែប៉ុណ្ណោះ ហេតុនេះអ្នកជំងឺត្រូវការគ្រូពេទ្យជួយសង្គ្រោះដោយយកចិត្តទុកដាក់ ដោយក្តីអាណិត-ស្រឡាញ់ផងដែរ ព្រោះអ្នកជំងឺអាចនឹងមានវិបត្តិបាក់ទឹកចិត្ត ។

ជំងឺហេម៉ូហ្វីលា ឬ ជំងឺឈាមកម្រ-កក នេះ ចែកចេញជា៣ប្រភេទ គឺ ៖ ១. ប្រភេទស្រាល , ២. ប្រភេទមធ្យម វានឹងមានការឈឺចាប់នៅពេលមានការប៉ះទង្គិច និង ៣.ប្រភេទធ្ងន់ វានឹងឡើងហើមឈឺចាប់តាមសន្លាក់ដោយឯកឯង បើមិនមានការថែទាំព្យាបាលឲ្យបានល្អទេ ជំងឺនេះនឹងបង្កឲ្យមានពិការភាព ឬអាចស្លាប់បាន ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត