លោកជំទាវ អនហេង លក្ខិណា អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមចុះសួរសុខទុក្ខគ្រួសារសពកុមារាដែលបានបាត់បង់ជីវិតដោយឡានសង្កត់នៅចំណុចស្ពានគៀនជ្រៃ

(កំពង់ចាម)៖ ពិតជាគួរអោយសង្វេគណាស់កុមារាអាយុ៦ឆ្នាំដែលត្រូវរថយន្តដឹកអិដ្ឋឡើងច្រាំងមិនរួចហើយរេលមកសង្កត់បណ្ដាលអោយបាត់បង់ជីវិតភ្លាមៗនៅចំណុចស្ពានគៀនជ្រៃ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នោះ គឺជាកូនទោលដ៏ឆ្លាតវៃរបស់ស្ត្រីមេម៉ាយដែលជាគ្រូមត្តេយ្យសហគមន៍ហើយកំព្រាឪពុកម្ដាយទៀត។ 

ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ អនហេង លក្ខិណា អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ស្ត្រីជាម្ដាយសព ដោយមានការចូលរួមយកចិត្តទុកចិត្តខ្ពស់ពីអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ស.ស.យ.ក ស្រុកកំពង់សៀម ព្រមទាំងបាននាំយកនូវថវិកាសប្បុរសសរុបទាំងអស់ ៨៤០.០០០រៀលចូលរួមបុណ្យសពផងដែរ។

លោកជំទាវក៏បានបន្តចុះសួរសុខទុក្ខ ស្ត្រីមេម៉ាយម្នាក់ទៀត ដែលត្រូវកូនមិនគ្រប់សតិដុតផ្ទះឆេះអស់នៅភូមិអូរពីរ ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្ត្រី២នាក់ទៀត ដែលម្នាក់ត្រូវពិការដោយសារគ្រាប់មីនតាំងពីវ័យក្មេង និងម្នាក់ទៀតត្រូវបាត់បង់ជីវិតដោយសារជម្ងឺកាចសាហាវទាំងវ័យក្មេង។ 

ក្រៅពីចូលរួមរំលែកទុក្ខ លោកជំទាវក៏បានផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីទទួលបានសុខភាពល្អ ជៀសផុតពីជម្ងឺទាំងឡាយ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។