អ្នកស្ម័គ្រចិត្តជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា

(កំពត)៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានលើកឡើងថា ដើម្បីបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន បានចំគោលដៅ លឿនរហ័ស និងមានប្រសិទ្ធភាព តម្លាភាព ជួនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ កាកបាទក្រហមត្រូវការកម្លាំងអ្នកស្ម័គ្រចិត្ត ក្នុងមូលដ្ឋាននិមួយៗ ចូលរួមជាចម្បង ព្រោះអ្នកស្ម័គ្រចិត្ត ជាឆ្អឹងខ្នងមិនអាចខ្វះបាន។

ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខអ្នកស្ម័គ្រចិត្ត ក្រោមការរៀបចំ កម្មវិធីដោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន” ។ ឯកឧត្តមជាវ តាយប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានលើកឡើងថា ការជួបជុំគ្នានៅថ្ងៃនេះគឺដើម្បីជាសក្ខីភាព បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តមួយកម្រិតថែមទៀត ដល់អ្នកស្ម័គ្រចិត្ត ដែលជាកម្លាំងមនុស្សធម៌ដ៏មុតស្រួច ហើយមានសារៈសំខាន់ ក្នុងការបន្តបេសកកម្មមនុស្សធម៌ ជួយដល់សហគមន៍ និងជនដែលងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ។ ទន្ទឹមនឹងនេះ ការជួបជុំនៅពេលនេះ ក៏ស្របទៅនឹងបរិបទជាតិ និងកាកបាទក្រហមកម្ពុជា ដើម្បីសម្ដែងនូវការអរគុណ និងកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលារបស់អ្នកស្ម័គ្រចិត្តដើម្បីសកម្មភាពមនុស្សធម៌ដែលជាផ្នែកមួយ នៃការសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ ឯកឧត្តមបានបន្តថា វាជាមោទនភាពណាស់ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាពេលបច្ចុប្បន្ន មានអ្នកស័គ្រចិត្ត ចំនួន ១១៤០នាក់ ហើយយើងនឹងបង្កើនអ្នកស័គ្រចិត្តឲ្យកាន់តែច្រើនឡើង ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមជាវ តាយ ក៏បានពាំនាំនូវ អំណរសាទរ និងការកោតសរសើរ ព្រមទាំងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈកម្មាធិការសាខា អនុសាខាក្រុមប្រតិបត្តិថ្នាក់សាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងថវិការ ចូលរួមគាំទ្រ ក្នុងសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។ កម្មវិធីបានបញ្ចប់បន្ទាប់ពីមានការប្រគល់ប័ណ្ណសរសើរ និងជូនថវិកាដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលមកពីស្រុកចំនួនពីរ គឺស្រុកដងទង់ នឹងស្រុកបន្ទាយមាសសរុបចំនួន ២២៩នាក់ ដោយម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល៕