ប្រកាស​តែងតាំង លោក សុខ រតនា ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ត្បូងឃ្មុំ

(​ត្បូងឃ្មុំ​)៖ នា​រសៀល​ថ្ងៃទី​៣០ ខែមករា​ឆ្នាំ​២០២០ ឯកឧត្តម ហាក់ សុខ​មករា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង លោក សុខ រតនា ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត​ត្បូងឃ្មុំ​ថ្មី ។​

​ក្នុងឱកាស​នោះ លោក ប៉ូច សុធា​រិ​ទ្ធ​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត ឡើង​ធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង សម្រេចបាន​លទ្ធផល​ការងារ​យ៉ាង​ល្អ​យ៉ាងច្រើន ក្នុងការ​បំពេញ​សេវា​នានា​ពាក់​ព័​ន្ឋ​នឹង​វិស័យ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល និង​បន្ត​បំពេញការងារ​នេះ​ឲ្យ​កាន់តែ​ល្អ​ទ្វេ​ឡើង​បន្ថែមទៀត​។​

​លោក សុខ រតនា ដែល​ទើប​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ថ្មី បានធ្វើការ​ប្តេជ្ញាចិត្ត រួម​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បានល្អ​, មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​និង​ថ្នាក់ដឹកនាំ​ក្នុង​មន្ទីរ​, មាន​សហប្រតិបត្តិការ​ការងារ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​, ពង្រឹងសមត្ថភាព​ខ្លួនឯង​បន្ថែម​ដោយ​ប្រកាន់ខ្ជាប់​នូវ ឥរិយាបទ​ជា​មន្ត្រីរាជការ​ទាំង​០៤​គឺ ឆន្ទៈ​ម្ចាស់ការ​ភក្តីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សាធារណៈ​, ជាពិសេស​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្ដោតលើ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​ធ្វើយ៉ាងណា​បំពេញ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​ហាក់ សុខ​មករា បានធ្វើការ​កោតសរសើ​រ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ នៃ​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត ដែល​បាន​ខិតខំ​អនុវត្ត​បំពេញការងារ សម្រេចបាន​លទ្ធផល​ជាច្រើន និង​ផ្ដាំផ្ញើ​អនុប្រធាន​មន្ទីរ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី ព្រមទាំង​មន្ត្រី​ទាំងអស់​នៅក្នុង​មន្ទីរ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​មន្ទីរ​អង្គភាព​អាជ្ញាធរ​ដែនដី​ជុំវិញ​ខេត្ត និង​ត្រូវខិតខំ​បំរើសេវា​ជូន​ពលរដ្ឋ​ពាក់ព័ន្ធ​វិស័យ​ដីធ្លី​ឲ្យ​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​បន្ថែម​លើសពីនេះ ឯកឧត្តម ហាក់ សុខ​មករា បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក រួមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ក្នុងការ​ពិនិត្យ​តាមដាន​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជម្លោះដីធ្លី​កើតមាន ហើយ​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​សមស្រប ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុង​គោលដៅ​ទាក់ទាញ​ការជឿជាក់ និង​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)