ខេត្តកំពង់ធំ​ប្រារព្ធ​កម្មវិធី «​វត្ត​បដិបត្តិ​ធុតង្គ​សមាធិ និង​ឈ្វេងយល់​បុណ្យមាឃបូជា​»

(​កំពង់ធំ​)៖ ដើម្បី​ចូលរួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ការលើកស្ទួយ​នូវ​វិស័យ​ព្រះពុទ្ធសាសនា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ បាន​ប្រារព្ធ​កម្មវិធី «​វត្ត​បដិបត្តិ​ធុតង្គ​សមាធិ និង​ឈ្វេងយល់​បុណ្យមាឃបូជា​» នៅ​ភោជនីយដ្ឋាន ឡូ​វ គឹម​សេង ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​


​ពិធី​នេះដែរ​បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​ពី​, ព្រះមហា​វិមលធម្ម ពិន សែន សមាជិក​ថេរ​សភា​ព្រះពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ទេ​ពស​ត្ថា សៀង សុខ ព្រះ​ស​ត្ថា​បារមី ព្រះ​មេគុណ​ខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ លោក អៀង សុធា​រ៉ា នាយក​ក្រុមហ៊ុន​ផ្កាឈូក និង​មូលនិធិ​ផ្កាឈូក រួមទាំង​មាន​ពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សានុសិស្ស​ជិត ១,០០០​អង្គ​/​នាក់​ផងដែរ​។​
​ព្រះមហា​វិមលធម្ម ពិន សែន មាន​សង្ឃដីកា​រថា មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដ៏​សំខាន់​ក្នុង​ពុទ្ធសាសនា ដែល​ប្រា​ព្ធ​នៅ​ថ្ងៃ​១៥ កើត​ខែមាឃ ជា​រៀងរាល់ឆ្នាំ​ដោយ​នៅក្នុង ឆ្នាំនេះ​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០​។ ក្នុងថ្ងៃនេះ​កាលពី​ប្រមាណ​ជា ២,៦០៨​ឆ្នាំមុន ព្រះសម្មាសម្ពុទ្ធ​ជា​បរមគ្រូ បាន​ប្រារព្វ​ធ្វើ​មហាសន្និបាត ដើម្បី​ប្រកាស​ពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ​ចំនួន​១១​ប្រការ ដល់​សមាជិក​មហាសន្និបាត​ចំនួន ១,២៥០​រូប ដោយ​ពាក្យ​ប្រៀនប្រដៅ​ទាំង​១១​ប្រការនេះ បានក្លាយ​ទៅជា គោល​ពុទ្ធសាសនា ទុក​បន្ត​រហូតមកដល់​សព្វថ្ងៃនេះ​។ ថ្ងៃនោះ​ផងដែរ ជា​ថ្ងៃ​ដែល​ព្រះ​បរមគ្រូ​បានប្រកាសថា ព្រះអង្គ​នឹង​ចូល​ព្រះ​បរិ​មហា​និព្វាន (​មរណភាព​) នៅពេល​៣​ខែ​ទៅ​ខាងមុខនេះ (១៥​កើត ខែវិសាខ ឬ វិសាខបូជា​)​។​


​ព្រះអង្គ​មាន​សង្ឃដីការ​បន្ថែមទៀត​ថា កម្មវិធី​ល្វែង​យល់​អំពី​បុណ្យមាឃបូជា​នា​ឆ្នាំនេះ ប្រារព្ធ​ឡើងជា​ឆ្នាំ​ទី​២ បន្ទាប់ពី​បានទទួល​នូវ​ការ គាំទ្រ ពី​សំណាក់​អ្នកចូលរួម​ក្នុង​កម្មវិធី​ឈ្វេងយល់​មាឃបូជា វិសាខបូជា និង​អាសា​ឡូ​បូជា កាលពី​ព​.​ស ២៥៦២ ឆ្នាំ​២០១៩ ហើយ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្កាឈូក និង​មូលនិធិ​ផ្កាឈូក គណៈសង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ រៀបចំ​ឲ្យ​បាន​រៀងរាល់ឆ្នាំ​ទៀតផង​ដែរ​។​
​លោក អៀង សុធា​រ៉ា បានឱ្យដឹង​ដែរ​ថា ការរៀបចំ​កម្មវិធី​នេះ​«​បដិបត្តិ​ធុតង្គ​សមាធិ និង​ឈ្វេងយល់​បុណ្យមាឃបូជា​» នេះ​មាន​គោលបំណង​លើក​កំពស់​ការយល់ដឹង និង​លើកទឹកចិត្ត​ដល់​ពុទ្ធបរិស័ទ ក្នុងការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធសាសនា តាមរយៈ​ពិធីបុណ្យ​មាឃបូជា និង​ពិធីបុណ្យ​ដទៃទៀត​ដូចជា​
​បុណ្យ​វិសាខបូជា និង​បុណ្យ​អាសា​ឡូ​បូជា​ជាដើម ហើយ​បុណ្យមាឃបូជា ជា​ពិធីបុណ្យ​មួយ​ដ៏​សំខាន់​ក្នុង​ពុទ្ធសាសនា ប្រា​ព្ធ​នៅ​ថ្ងៃ​១៥​កើត ខែមាឃ ជា​រៀងរាល់ឆ្នាំ​។​
​លោក អៀង សុធា​រ៉ា បាន​បន្តថា ក្រុមហ៊ុន​ផ្កាឈូក និង​មូលនិធិ​ផ្កាឈូក នឹង​នៅតែ​ប្តេជ្ញា​បន្តធ្វើ​កម្មវិធី​ឈ្វេងយល់​នេះ​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​ច្បាស់ ពី​សារៈសំខាន់​នៃ​ថ្ងៃ​សំខាន់​ទាំងបី និង​មាន​ជំនឿ​ជឿជាក់ថា កម្មវិធី​នេះ​នឹង​លើកស្ទួយ​ការ​បដិបត្តិ​តាម​ឱវាទ ព្រះពុទ្ធសាសនា​បាន​កាន់តែ​ប្រសើរឡើង ដើម្បី​ចិ​រ​ភាព​នៃ​សេចក្តីសុខ​សប្បាយ ជា​សន្តិភាព និង​វឌ្ឍនភាព​ក្នុងសង្គម​ខ្មែរ​តទៅ​។​
​សូមជម្រាបថា មាន​ព្រះសង្ឃ​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ បាន​ចូលរួម​ក្នុង​កម្មវិធី​ឈ្វែ​ង​យល់​ទាំងបី​កាលពី​ឆ្នាំ​២០១៩ មាន​ប្រមាណ​៦​ពាន់​នាក់ នៅក្នុង​ខេត្តកណ្តាល រាជធានី​ភ្នំពេញ ព្រៃវែង បាត់ដំបង សៀមរាប និង​កំពង់ធំ​។ ក្នុងឆ្នាំនេះ​ក្រុមហ៊ុន​ផ្កាឈូក​និង​មូលនិធិ​ផ្កាឈូក​ក៏បាន​បោះពុម្ព​សៀវភៅ​«​ឈ្វេងយល់​មាឃបូជា​ទិវា​កំណើត​ពុទ្ធសាសនា ក្នុងឋានៈ​​ជា​អង្គការ​ចាត់តាំង​» ដែល​និពន្ធ​រៀបរៀងឡើង​ដោយ​លោក​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា សម្រាប់​ចែក​ប្រគេន និង​ជូន​ពុទ្ធ​បរិ​ស​ទ័ សិស្សានុសិស្ស ដើម្បី​អាន​បង្កើន​នូវ​ការយល់ដឹង​បន្ថែមទៀត​ផងដែរ​។​

​ជាមួយ​នៅក្នុង​កម្មវិធី​ឈ្វេងយល់​ពី​មាឃបូជា ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ដាស់តឿន ដល់​ប្អូនៗ​សិស្សានុសិស្ស អោយ​ចូលរួម​ប្រតិបត្តិ​នូវ​ការ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​ធ្វើអំពើ​ល្អជា​ពិសេស​នៅក្នុង​សង្គម​ដូចជា​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជៀស​ឲ្យ​ឆ្ងាយ​អំពី​គ្រឿងញៀន​គោរព​លោកគ្រូ​អ្នកគ្រូ​ចាស់ព្រឹទ្ធាចារ្យ​ឪពុកម្ដាយ​ដែល​បាន​ទៅ​មាន​ប្រៀនប្រដៅ​ឲ្យ​ទៅរក​ផ្លូវ​ល្អ​៕ (ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ)