ពីធីបើកសន្និសីទរួម ស្តីពីកម្មសិទ្ធិបញ្ញា” ការទទួលស្គាល់ សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅកម្ពុជា” នៅខេត្តសៀមរាប !

(សៀមរាប)៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំបើកសន្និសីទរួម ស្តីពីកម្មសិទ្ធិ បញ្ញា” ក្រោមប្រធានបទ ការទទួលស្គាល់ សុពលភាព ប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប នៅកម្ពុជា ” ដោយមានការសហការគាំទ្រពី អង្គភាព កម្មសិទ្ធិបញ្ញា សហគមន៍ អឺរ៉ុប (EPO) និង សភាពាណិជ្ជកម្ម សហគមន៍ អឺរ៉ុប ប្រចាំកម្ពុជា។

ពិធីបើកសន្និសីទរួមនេះ ក្រោមអធិបតីភាព ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងលោក Antonio Campinos ប្រធាន អង្គភាព កម្មសិទ្ធិបញ្ញាសហគមន៍អឺរ៉ុប និងវត្តមានអញ្ជើញចូលរួម លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន្ពាក់ព័ន្ឋនានា និងយុវសិស្សមកពីសកលវិទ្យាល័យមួយចំនួនក្នុងខេត្ត សរុបចំនួនប្រមាណជាង១៣០រូប។

ឯកឧត្តមទេសរដ្ឋមន្រី្ត មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគំនិតច្នៃប្រឌិតដ៏វាងវៃ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យើងបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ គួបផ្សំ ជាមួយ គោលនយោបាយ អភិវឌ្ឍន៍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ សម្រេចបានការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យរីកចម្រើន ថែមទៀត។ ជាក់ស្តែងក្នុងក្របខណ្ឌកម្មសិទិ្ធបញ្ញា ក្រសួងបានបន្តពង្រឹងកិច្ចការពារសិទ្ធិកម្មឧស្សាហកម្ម ដែលក្នុងនោះមានប្រកាសនីយបត្រតក្កកម្ម ឬហៅថាប៉ាតង់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារបច្ចេកវិជ្ជា និងជំរុញការច្នៃប្រឌិតថ្មីៗផងដែរ។

ឯកឧត្តម បន្ថែមថា ដើម្បីសម្រេចការងារខាងលើនេះ ក្រសួងបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងបណ្តាអង្គភាពកម្មសិទិ្ធបញ្ញាលើពិភពលោក សំដៅធ្វើយ៉ាងណាឲ្យការងារប្រកាសនីយបត្រ តក្កកម្មនេះ ដំណើរការល្អប្រសើរ និងស៊ីសង្វាក់គ្នាជាមួយអន្តរជាតិ ព្រមទាំងជំរុញឲ្យមានការសុំចុះបញ្ជីការពារសិទ្ធិកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ។ ជាលទ្ធផល ក្រសួងទទួលបាន ២៣០ សំណើ ដែលសុំទទួលស្គាល់សុពលភាពប្រកាសនីយបត្រអឺរ៉ុបនៅកម្ពុជា តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅទីក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់។

លោក អាន់តូនីញ៉ូ ខេមពីណូ (António Campinos) ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសហគមន៍អឺរ៉ុប បានលើកឡើងថា ស្របពេលប្រព័ន្ធបច្ចេកវិទ្យា កាន់តែរីកចម្រើន ការធ្វើពាណិជ្ជកម្ម លើពិភពលោក បានកើនឥតឈប់ឈរ ខណៈនេះការចុះបញ្ជី ផ្នែកកម្មសិទ្ធិបញ្ញា ពិត ជាមានសារៈសំខាន់ ក្នុងកិច្ចការពារ របកគំហើញ នៃការច្នៃប្រឌិតថ្មីៗ។

លោកលើកឡើងថា ដើម្បីចៀសវាង ការ ក្លែងបន្លំ ឬការប្តូរផ្លាស់ក្នុងរូបភាពណាមួយដោយគ្មានច្បាប់ត្រឹមត្រូវ ពីបណ្តាក្រុមហ៊ុននានា ត្រូវសិក្សា ស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយពិភពលោក ជាពិសេសតាមប្រព័ន្ធគេហទំព័រ ឈ្មោះ អ៉ីស្ពេសណិត (Espacenet)។ គេហទំព័រនេះ បានផ្ទុកស្នាដៃជាង១១០លានករណី ដែលបានប្រកាសនីយបត្រតក្កកម្ម រួចរាល់ហើយ។ ជាមួយនោះដែរ វានឹងជួយឲ្យលោកអ្នក ចៀសផុតពីការចុះបញ្ជីជាន់គ្នា ម្យ៉ាងទៀតជួយឲ្យយើងធ្វើការសិក្សាស្វែងយល់អំពីការគ្រប់គ្រង និងការធ្វើប្រតិបត្តិការប្រកបដោយភាពទំនើបកម្ម ៕

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី