អំបុកនៅឃុំសានគរ និងបង្កើតម៉ាកសមូហភាពយ៉ាងពិតប្រាកដនៅពេលខាងមុខនេះ

(កំពង់ធំ)៖ សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការបង្កើតម៉ាកសមូហភាពអំបុកឃុំសាន់គរ ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញានិងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ដោយមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកបុកអំបុកមកពី ភូមិក្នុងឃុំសានគរប្រមាណជិត ១០០ នាក់ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មសហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។

លោក អប់ រ៉ាឌី បានលើកឡើងថានៅក្រោមច្បាប់កម្មសិទ្ធិបញ្ញានៃប្រទេសភាគច្រើនមានបទប្បញ្ញត្តិ ស្តីពី កិច្ចការពារម៉ាកសមូហភាព។ ម៉ាកសមូហភាពជាទូទៅត្រូវបានកំណត់ថាជាសញ្ញាសម្រាប់សម្គាល់ប្រភពដើមភូមិសាស្ត្រ វត្ថុធាតុដើម របៀប ផលិត ឬចរិតលក្ខណៈទូទៅផ្សេងទៀតនៃទំនិញ ឬសេវាកម្មរបស់សហគ្រាសផ្សេងៗ ដែលប្រើប្រាស់ម៉ាកសមូហភាពនោះ។

លោកបានបន្តថា ម្ចាស់ម៉ាកសមូហភាព អាចជាសមាគម ដែលមានសហគ្រាសផ្សេងៗជាសមាជិក ឬអង្គភាពផ្សេងៗទៀត រួមទាំងស្ថាប័នសាធារណៈ ឬសហករណ៍ ហើយម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី គឺជាអ្នកទទួលខុសត្រូវក្នុងការធានាឲ្យមានអនុលោមភាពតាមបទដ្ឋានជាក់លាក់ណាមួយ (ជាធម្មតាត្រូវបានកំណត់នៅក្នុងបទបញ្ជាគ្រប់គ្រងការប្រើប្រាស់ម៉ាករួម) ដោយសមាជិករបស់ខ្លួន។ ដូច្នេះ មុខងារនៃម៉ាកសមូហភាព គឺដើម្បីជូនដំណឹងដល់សាធារណជនអំពីចរិតលក្ខណៈពិសេសនៃផលិតផលដែលពាក់ម៉ាកសមូហភាពនោះ។

លោកបានបន្ថែមទៀតថា ម៉ាកសមូហភាពជាញឹកញាប់ ត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយផលិតផលដែលមានចរិតលក្ខណៈពិសេសដែលផ្តល់ឱ្យដោយតំបន់ណាមួយ។ ក្នុងករណី បែបនេះ ការបង្កើតម៉ាកសមូហភាព មិនត្រឹមតែជួយធ្វើទីផ្សារផលិតផលក្នុងស្រុក និងក្រៅស្រុកប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងផលិតករក្នុងស្រុកផងដែរ។ ជាការពិត ការបង្កើតម៉ាកសមូហភាព ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍស្តង់ដារ លក្ខណៈវិនិច្ឆ័យ និងយុទ្ធសាស្ត្ររួមមួយ។

លោកបានបញ្ជាក់ថា ម៉ាកសូហភាព អាចក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍមូលដ្ឋានដោយការធ្វើការរួមគ្នា អាចធ្វើឱ្យផលិតករ-អាជីវករ និងសហគ្រាសធុនតូច និងមធ្យម ទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ច និងការទទួលស្គាល់ម៉ាកយីហោ កាន់តែទូលំទូលាយដោយផ្លាស់ប្តូរពីការផលិតទៅរកការធ្វើទីផ្សារ ក្នុងលក្ខណៈដូចក្រុមហ៊ុនខ្នាតធំផ្សេងៗ។

ម៉ាកសមូហភាពគឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យស្នើសុំ ចុះបញ្ជី ហើយអាចសម្គាល់នូវប្រភពដើមនៃទំនិញ ឬសេវា ឬសម្គាល់នូវចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញ ឬសេវា របស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។

គួរបញ្ជាក់ផងដែរថាអ្នកលក់អំបុកនៅក្នុងឃុំសាន់គរមានប្រាំភូមិដែលមានចំនួន៩៨គ្រួសារ ក្នុងនោះភូមិ សានគរ ខ មានចំនួន៤០គ្រួសារ ភូមិក្បិលមាន ចំនួន១៨ គ្រួសារ ភូមិសំពៅមាសមានចំនួន ៧ គ្រួសារភូមិក្រសាំង ក មានចំនួន១៣ គ្រួសារ និងភូមិក្រសាំង ខ មានចំនួន ២០ គ្រួសារ ។ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ