រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំការងារត្រៀមរៀបចំពិធី សិតរូបលោកតាអាចារ្យលាក់ និងព្រះរាជ្យពិធីបុណ្យច្រត់ព្រះន័ង្គល

(កំពង់ធំ)៖ នាព្រឹកថ្ងៃពុធ ០៥កើត ខែមាឃឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំការងារត្រៀមរៀបចំពិធី សិតរូបសំណាក់លោកតាអាចារ្យលាក់ និងព្រះរាជ្យពិធីបុណ្យច្រត់ព្រះន័ង្គល។ ពិធីនេះមានការ អញ្ជើញចូលរួមពី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានមន្ទីតជុំវិញខេត្ត អភិបាលក្រុង/ស្រុក មេបញ្ជាការកងកម្លាំងទាំងបី នៅសាលាខេត្តកំពង់ធំ។

មានប្រសាសន៏ក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ លូ បានជំរុញឲ្យអភិបាលក្រុង/ស្រុកទាំង០៩ ឡើងរាយការណ៍ពីលទ្ឋផល ដែលសម្រេចបានកន្លងទៅតាមបណ្តាក្រុង/ស្រុកនីមួយៗ ដូចជាបានផ្សព្វផ្សាយដល់មន្រ្តីក្រោមឪវាទ ដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ដែលខ្លួនគ្រប់គ្រងឲ្យបានដឹងគ្រប់ៗគ្នា និងចូលរួមអោយបានច្រើនកុះករ ក្នុងពីធីសិតរូបលោកតាអាចារ្យលាក់នៅថ្ងៃទី ០៥ និង០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរៀបចំឲ្យមានដំណើរការមានលក្ខណៈល្អប្រសើរដូចពិធីសិតដាវដែកកំពង់ស្វាយ ដែលពិធីសិតរូបលោកតាអាចារ្យលាក់ប្រព្រឹត្តទៅនៅបរិវេណវត្តឥន្រ្តីយ៍សំវរៈ (ហៅវត្តកំពង់ធំ)។ កម្មវិធីនេះធ្វើឡើងដើម្បីឲ្យខេត្តកំពង់ធំមានភាពល្បីល្បាញ ក្នុងការទាក់ទាញភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកទស្សនា។ នៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២០មានតារាកំប្លែងនាយពាក់មី មកសម្តែងជូនបងប្អូនទស្សនាឲ្យមានការសប្បាយរីករាយផងដែរ។

ឯកឧត្តមបានបន្តទៀត បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងឆ្នាំនេះ ធ្វើឡើងនៅក្នុងបរិវេណសួនកុមារក្នុងខេត្តកំពង់ធំ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយរីករាយ។ ចំពោះព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នៅកីឡាដ្ឋានស្តាតថ្មីភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការរៀបចំបរិវេណ និងការដាក់តាំង ស្តងពិពណ៌ ឲ្យមានសណ្ដាប់ធ្នាប់ និងស្រស់បំព្រង ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឲ្យមានដំណើរការល្អប្រសើរ។

ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់ អ្នកចូលរួមទាំងអស់ ចេះសហការគ្នាដើម្បីចូលរួមពិធីបុណ្យនេះឱ្យមានដំណើរការល្អ ប្រព្រឹត្តទៅរលូនប្រកបដោយភាពជោគជ័យ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយពីកម្មវិធីបុណ្យទាំងអស់នេះដល់ប្រជាពលរដ្ឋនៅតាមបណ្ដាស្រុករបស់ខ្លួន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ