គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ចុះ​បេស​សកម្ម​ការងារ​នៅ​ខេត្ត​ត្បូងឃ្មុំ ស្វែងរក​បញ្ហា​ប្រឈម​ដើម្បី​ដោះស្រាយ​ឲ្យ​ចំ​គោលដៅ​

(​ត្បូងឃ្មុំ​)៖ ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ឯកឧត្តម ជា វ៉ាន់​ដេ​ត នៅ​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ បាន​ដឹកនាំ​សមាជិក​គណៈកម្មការ អញ្ជើញ​មកកាន់​ខេត្ត​ត្បូងឃ្មុំ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​នឹង​វិស័យ ទទួលបន្ទុក​របស់​គ​ណៈ​កម្ម​ការ នៅក្នុង​សាលប្រជុំ​(​គ​)​របស់​សាលាខេត្ត​។​

​ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​ជម្រាបជូន​ពី​គោលបំណង​របស់​គណៈកម្មកា​រ​ដែល​ចុះមក​កាន់​ខេត្ត​ត្បូងឃ្មុំ​នាពេលនេះ គឺ​ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់​នានា លើ​វិស័យ​ទទួលបន្ទុក​របស់​គណៈ​កម្ម​ការ និង​ប្រមូល​ព័ត៌មាន​អំពី​ប្រសិទ្ធភាព នៃ​ការអនុវត្តន៍​ការងារ លទ្ធផល​ការងារ បញ្ហា​ប្រឈម ជាពិសេស​លើ​ការងារ​កសិកម្ម ការងារ​បរិស្ថាន និង​ការងារ​ធនធានទឹករ​បស់​ខេត្ត​។​

​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ បាន​រាយ​ការ​ណ៏​ជូន​គណៈកម្មការ​រដ្ឋសភា អំពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​សម្រេចបាន​កន្លង​មក ព្រមទាំង​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ ជូន​គណៈកម្មកា​រដ្ឋសភា​បាន​ជ្រាប​។​
​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ដែលមាន​លក្ខណៈ​បែប​ចំហរ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​នេះ ខេត្ត និង​មន្ទីរ​ក៏បាន​លើកឡើង​ពី​ផល​លំបាក​មួយចំនួន មានដូចជា ប្រព័ន្ធធារាសាស្ត្រ​ជាច្រើន កន្លែង​បាន​រង​ការខូចខាត ចាំបាច់​ត្រូវមាន​ការជួសជុល និង​ស្តារឡើងវិញ​ជាបន្ទាន់ ដើម្បី​បង្កើន​ការ​ស្តុក​ទឹក​ទុក​ឱ្យបាន​ច្រើន សម្រាប់​ធានា​ការ​ផ្គត់​ផ្គង​បំពេញ​នូវ​តម្រូវការ ទឹក​បង្កបង្កើនផល​ស្រូវ​បាន​គ្រប់គ្រាន់ តែ​ធនធាន​ថវិកា​សម្រាប់​ចំណាយ​លើ​ការអភិវឌ្ឍន៍​នៅមានកម្រិត​តិចតួច មិន​ឆ្លើយតប​ទី​នឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​កិច្ច​ដំណើរ​អនុវត្ត​គម្រោង​នូវឡើយ​។​

​មន្ទីរ​ពាក់ព័ន្ធ​មាន​ការខ្វះ​មន្ត្រី​បម្រើ​ការងារ ខ្វះ​ថវិកា ខ្វះ​សម្ភារ​បរិក្ខា​សម្រាប់​ប្រើប្រាស់ ហើយ​កម្រិតយល់ដឹង និង​បទពិសោធន៍​បច្ចេកទេស​នៅមានកម្រិត ហើយ​នៅមាន​ជនខិលខូច​បង្ក​បទល្មើស ព្រៃឈើ សត្វព្រៃ ជលផល ជាពិសេស​ពេលយប់​និង​តំបន់​ឆ្ងាយៗ​។​
​រដ្ឋបាលខេត្ត​ក៏បាន​លើក​ពី​សំណូមពរ ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ​នូវ​រាល់​បញ្ហា ដែល​បាន​ជម្រាបជូន​ដូចខាងលើ​។ ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ និង​មន្ទីរ​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​។​
​ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ សូម​បន្ត​យកចិត្តទុកដាក់​ក្នុង​ការងារ​បន្តទៀត​។ ចំណែក​បញ្ហា​ប្រឈម​ដែល​ខេត្ត និង​មន្ទីរ​បានលើកឡើង ឯកឧត្តម​ប្រធាន​គណៈកម្មការ​បាន បញ្ជាក់ថា ឯកឧត្តម​នឹង​ពាំ​នាំយក​បញ្ហា​ប្រឈម​ទាំងនេះ ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ឲ្យ​ខេត្ត​មានលទ្ធភាព​ពេញលេញ ក្នុងការ​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​របស់​ប្រទេសជាតិ​។​

​ជាមួយនេះដែរ គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ក៏បាន​សំណូមពរ​ដោយផ្ទាល់​ដល់​ក្រសួង​ពាក់ព័ន្ធ​និង​វិស័យ​របស់​គណៈកម្មការ​ទី​៣ ដែល​អមដំណើរ​ចុះមក​កាន់​ខេត្ត​ត្បូងឃ្មុំ​នាពេលនេះ ជួយ​ដោះស្រាយ​ការលំបាក និង​បញ្ហា​ប្រឈម​មួយចំនួន​ដើម្បី​ឲ្យ​បណ្តា​មន្ទីរ​មានលទ្ធភាព​ពេញលេញ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)