សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២០

​(រតនគិរី)៖ នា​ព្រឹក​ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារប្រចាំឆ្នាំ២០១៩ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ២០២០ ក្រោម​អធិបតីភាពឯកឧត្តម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា និង​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា អនុសាខា និង​ក្រុម​កាកបាទក្រហម​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ជាច្រើន​នាក់នៅ​សាលប្រជុំ អគារB សាលាខេត្ត​រតនគិរី។​

​កិច្ចប្រជុំ​មាន​របៀបវារៈ​សំខាន់ៗ​រួមមាន​៖ ១-ឆ្លង​របាយការណ៍​សក​ម្ម​ភាព ២០១៩ និង​ទិសដៅ​បន្ត ២០២០ ២-​ពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ ២០១៩ ៣-ពិនិត្យ និង​អនុម័ត​លើ​ផែនការ​សកម្មភាព​៦​ឆ្នាំ​( ២០១៩-២០២៥) និង​ផែនការ​១​ឆ្នាំ ២០២០ ៤-ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង សេចក្តី សម្រេច​និង ការប្រព្រឹត្តិទៅ​របស់​សាខា​អាណត្តិ​ទី​៥( ២០១៩-២០២៥) ៥-​ការសម្ពោធ​អាគារ​អនុសាខា​ស្រុក​កូន​មុំ និង រៀបចំ​ប្លង់ដី​អនុសាខា​ស្រុក​អូរ​ជុំ​។​

​មានប្រសាសន៍​សំណេះសំណាល​បើក​កិច្ចប្រជុំឯកឧត្តម ថង សាវុន បាន​លើកឡើងថា​នៅក្នុង​​អាណត្តិ​ទី​៥​នេះ​ក្នុងនាម​ប្រធាន​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ខេត្តរតនគិរី​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់ដឹកនាំ គ្រប់​មន្ទីរ​អង្គភាព​ទាំងអស់ និង​អនុសាខា​ក្រុង​ស្រុក ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បានល្អ និង​ចូលរួម​វិភាគទាន​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​សកម្មភាព របស់​មនុស្សធម៌ ជួយ​សម្រាល​ទុក្ខលំបាក​ដល់​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ផ្សេងៗ​បាន ពេលវេលា​រយៈពេល​១​ឆ្នាំកន្លងមក​។

ដូច្នេះ​ដើម្បី​បន្ត​បេសកម្ម​មនុស្សធម៌​របស់​សាខា ក្នុង​អាណត្តិ​ទី​៥​នេះ អោយ​កាន់​តែមាន​ប្រសិទ្ធិភាព យើង​ទាំង​អស់​គ្នា​ត្រូវ​រួមគ្នា​ដោយ​ស្ម័គ្រចិត្ត​លើ​ការងារមនុស្សធម៌ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧ របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម រួមមាន ភាព​មនុស្សធម៌​ភាព មិន​លំអៀង អព្យាក្រឹតភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯករាជ្យភាព ឯកភាព និង​សាកលភាព​។​

​បន្ទាប់មកអង្គ​ប្រជុំបានដំណើការ​ប្រជុំ​ពិនិត្យ​កែសម្រួល​ខ្លឹមសារ និង​អនុម័ត​លើ​ឯកសារសំខាន់ៗ​ទៅតាម​របៀបវារៈ​ទទួល​បាន​ជោគជ័យតាម​ផែន​ការដែល​បានគ្រោង​ទុក​៕​ (ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី)