មន្ទីរសុខាភិបាលខេត្តរតនគិរីដាក់ចេញ នូវវិធានការអន្តរាគមន៍ទប់ស្កាត់ទៅនឹងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា

(រតនគិរី)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ មន្រ្តីមន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោក ជា សានិត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើយុទ្ធនាការអប់រំប្រជាពលរដ្ឋទូទៅ អំពីហានិភ័យនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណា ដែលបច្ចុប្បន្នជំងឺនេះកំពុងវាយលុកនិងរីករាលយ៉ាងលឿននៅពិភពលោក។​

លោក ហួន ហ៉ីង ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តរតនគិរីបានអោយដឹងថា មន្ទីរបានដាក់ចេញវិធានការអន្តរាគមន៍ ទប់ស្កាត់ទៅនឹងជំងឺរលាកសួត ដោយវីរុសកូរ៉ូណារួមមាន៖ ១. ពង្រឹង និងតាមដានជាប់ជាប្រចាំតាមរយៈតាមប្រព័ន្ធអង្កេត ដែលមានស្រាប់នៅតាមមូលដ្ឋានផ្តល់សេវាសុខាភិបាលសាធារណៈ និងប្រពន្ធ័ទំនាក់ទំនងតាមទូរស័ព្ទលេខៈ ១១៥, ២. ចុះតាមភូមិជាប់ព្រំដែនវៀតណាម ដើម្បីអប់រំសុខភាពនិងចែកខិតបណ័្ណអប់រំសុខភាព, ៣. ផ្សព្វផ្សាយការអប់រំសុខភាព តាមសាលារៀន និងទីប្រជុំជន។


ទី៤. ត្រៀមបង្ការនឹងសង្គ្រោះបន្ទាន់ ក្នុងករណីមានជំងឺនេះមកដល់ជាពិសេសបង្ការការរាលដាល, ៥. បានរៀបចំរថយន្តគិលានសង្រ្គោះ សំភារៈបរិក្ខាវេជ្ជសាស្រ្ត និងក្រុមគ្រូពេទ្យសំរាប់អន្តរាគមឆ្លើយតបបន្ទាន់ ២៤/២៤ ម៉ោង នៅពេលមានការចាំបាច់ និង៦. រៀបចំបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្ត រតនគិរី សំរាប់អ្នកជំងឺ ដែលមានរោគសញ្ញាសង្ស័យមានជំងឺរលាកសួតដោយវីរុសកូរ៉ូណា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី