រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីបំភ្លឺ ករណីជនជាប់ឃុំ ត្រូវបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០

រដ្ឋបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា ៖ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ មានសារព័ត៌មាន Friday Daily News បានចុះផ្សាយព័ត៌មានថា នគរបាលធ្វើទារុណកម្មអ្នកទោស ផ្អើលពេញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ករណីនេះមន្ត្រីជំនាញនៃការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទាផ្នែកសុខាភិបាលបានធ្វើកំណត់ហេតុសុខ-ភាពជនជាប់ឃុំនេះឃើញថា ជនជាប់ឃុំនេះមានអាការៈប្រកាច់ រវើរវាយ និយាយច្រើន ចុកទ្រូង ញៀនស្រា និងសង្ស័យមានជំងឺផ្លូវចិត្ត។ ដូចនេះ គ្មានការធ្វើទារុណកម្មជនជាប់ឃុំនៅក្នុងមន្ទីរពេទ្យបង្អែកដូចការលើកឡើងនោះទេ ហើយជនជាប់ឃុំបានស្រែកបង្កការរំខាននេះ គឺដោយសារអាការៈជំងឺដូចបានបញ្ជាក់ជូនខាងលើ។

រដ្ឋបាលខេត្ត សូមបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិត និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។

រដ្ឋបាលខេត្តនឹងចាត់មន្ត្រីជំនាញដើម្បីបន្តអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន។

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប
#មន្ទីរព័ត៌មានខេត្តសៀមរាប