រដ្ឋមន្ត្រីក្រសួងផែនការ ចុះបំពេញទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់ឃុំ និងថ្នាក់ភូមិក្នុងស្រុកចំនួន២នៃខេត្តរតនគិរី

(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ចុះបំពេញទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់ឃុំ និងថ្នាក់ភូមិ និងការផ្តល់សេវាជូនគ្រួសារមានប័ណ្ណសមធម៌ ប័ណ្ណអាទិភាព និងកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខេត្តរតនគិរី។

ដំណើរទស្សនកិច្ចនេះ ត្រូវបានកំណត់យកឃុំល្អក់ ស្រុកអូរជុំ និងឃុំតឺន ស្រុកកូនមុំ ជាឃុំគោលដៅដើម្បីប្រតិភូថ្នាក់ជាតិរួមនឹងដៃគូរអភិវឌ្ឍន៍រួមមាន អង្គការ UNICEF ស្ថានទូតអាល្លឺម៉ង អូស្ត្រាលីប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងផល ប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានពីការអនុវត្តគម្រោងនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានឲ្យដឹងថា ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់ឃុំ គឺជាការរកឲ្យឃើញពិតប្រាកដនូវគ្រួសារក្រីក្រខ្វះខាតដើម្បីរដ្ឋាភិបាលមានវិធានការ លើកកម្ពស់ជីវភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋក្រីក្រ។

តាមរយៈយន្តការនេះការផ្តល់សេវាជូនគ្រួសារមានប័ណ្ណសមធម៌ ប័ណ្ណអាទិភាព និងកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ គឺជាយន្តការជួយគាំពារលើពលរដ្ឋក្រីក្រ ឲ្យទទួល បានផលពីសកម្មភាពសេដ្ឋកិច្ចដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើន កាត់បន្ថយបានគំលាត រវាងអ្នកមាន និងអ្នកក្រ ក្រោមកិច្ចសហការពីអង្គការដៃគូរសង្គមស៊ីវិល និងប្រទេសជាមិត្ត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី