ពិធី​ប្រកា​សបិទ​ផ្សាយ ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

(​ខេត្ត​ត្បូងឃ្មុំ​)​ក្បាលដី​នៅ​ភូមិ​កោះ​ថ្ម​សរុប​ចំនួន​១២៥០​ក្បាលដី ស្ថិតនៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ត្រូវបាន​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ នៃ​ឯកសារ​នៃ​ការវិនិច្ឆ័យ ក្រោយ​បញ្ចប់​ការវាស់វែង​ជា​ស្ថាពរ និង​រងចាំ​ការកែតម្រូវ​រយៈ​១៥​ថ្ងៃ​ ​លោក ហ៊ីង ស៊ីថា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ ដែលមាន​នៅក្នុង ឯកសារ នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ឬ​ខុសឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬ​ទំនាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក ទាំង​ថ្ងៃ​បុណ្យទាន​ផ្សេងៗ​។


​ការអំពាវនាវ​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល​លោក និង​លោកស្រី ទី លី​ហ្វា​ន់ អភិបាលរង​ស្រុក​មេមត់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកា​សបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ​។
នាឱកាស​នោះ​លោក ហ៊ីង ស៊ីថា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​លើកឡើងថា ៖​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បញ្ជៀ​ស​ការកើតមាន​ទំនាស់​ដី​ធ្លី ហើយ​ត្រូវបាន​បិទ​ផ្សាយ​រយៈពេល​១៥​ថ្ងៃ ក្នុងករណី​ឃើញថា ត្រឹមត្រូវ​ហើយ​សា​ម៉ី​ខ្លួន​ត្រូវ​ផ្ដិតមេដៃ​ទទួលស្គាល់ តែបើ​ឃើញ​មិន​ត្រឹមត្រូវ សា​ម៉ី​ខ្លួន​អាចដាក់​ពាក្យ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ស្នើសុំ​ធ្វើការ​កែតម្រូវ​ឡើងវិញ​។​


​លោក បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានដឹង ដើម្បី​ឲ្យ​គាត់​នាំគ្នា​មក​ពិនិត្យ​ទិន្នន័យ​ក្បាលដី របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​និង​កែសម្រួល​ឡើងវិញ ព្រោះ​មាន​រយៈពេល​កំណត់​តែ​១៥​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​២៨ ខែមករា ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​តែប៉ុណ្ណោះ​។

​លោកស្រី ទី លី​ហ្វា​ន់ អភិបាលរង​ស្រុក​មេមត់ បាន​បញ្ជាក់ថា ៖ ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្បាលដី គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នេះ ស្ថិតក្នុង​ដំណាក់​មួយ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ឈានដល់​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​ដែលជា​ការរួមចំណែក​កាត់បន្ថយ​ជម្លោះដីធ្លី សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​រួមចំណែក​ដល់​ការ ពង្រឹង​យុត្តិធម៌ និង​ស្ថេរភាព​សង្គម​ផងដែរ​។​


​បើតាម​របាយការណ៍រ​ប​ស់លោក ហ៊ីង វិចិត្រ ប្រធាន​គ្រប់គ្រង​ការងារ​តំបន់​វិនិច្ឆ័យ​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ៖ ក្រុមការងារ​បានចាប់ផ្ដើម​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ត្បូងឃ្មុំ ចំនួន​០១​ភូមិ គឺ​ភូមិ​ចាន់​ទូង ដែលមាន​ក្បាលដី​សរុប​ចំនួន​១៧៦៨​ក្បាលដី​។​
​នៅថ្ងៃនេះ ក្រុមការងារ​បានធ្វើកា​រ​បិទ​ប្រកាស​ផ្សព្វផ្សាយ​នូវ​ទិន្នន័យ​ជា​សាធារណៈ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង ឃុំ​ទ​ន្លូ​ង មាន​ចំនួន ០១​ភូមិ គឺ​ភូមិ​កោះ​ថ្ម ដែលមាន​ក្បាលដី​សរុប​ចំនួន​១២៥០​ក្បាលដី ក្នុងនោះ​មាន​ក្បាលដី​បានចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ការអនុវត្ត​បទបញ្ជា​លេខ ០១ ប​.​ប ផងដែរ​៕ (​ដោយ​៖ មន្ទីរ​ខេត្ត​ត្បូងឃ្មុំ​)​