សប្បុរសជន បានបរិច្ចាគឈាម ១ប្លោក និងថវិកាមួយចំនួន ជួយសង្រ្គោះដល់ស្រ្តីម្នាក់ បានស្លាប់កូនក្នុងពោះ និងត្រូវការឈាមបន្ទាន់ ក្នុងការវះកាត់ តាមការអំពាវនាវរបស់ក្រុមការងារស.ស.យ.កខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយមានការអំពាវនាវពីលោក ណយ ចន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមានការយកចិត្តទុកដាក់ពីលោក ឈឹម កាន ជាប្រធានស.ស.យ.ក.ខេត្ត ដើម្បីស្វែងរកសប្បុរសជនជួយសង្រ្គោះដល់អ្នកជំងឺឈ្មោះ ជិន សុខនី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរស្សី ឃុំស្រែសង្គម ស្រុកកោះញែក។

គាត់មានបញ្ហាខ្វះឈាម ទឹកនោមប្រៃ ហើម និងកូនបានស្លាប់ក្នុងពោះ គាត់ជាមនុស្ស ពិកាស្វិតជើងតាំងពីកំណើត ពេលនេះកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និងត្រូវការឈាមប្រភេទB ជាច្រើនប្លោកដើម្បីវះកាត់ យកកូនចេញដើម្បីសង្គ្រោះជិវិត នៅមន្ទីរពេទ្យបង្អែកខេត្ត។

ភ្លាមនោះ លោកស្រី ទឹន សេដ្ឋា រស់នៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានជួយបរិច្ចាគឈាម ១ប្លោក ដើម្បីជួយសង្រ្គោះដល់អ្នកជំងឺ ក្នុងការយកកូនចេញ ដើម្បីសង្គ្រោះជិវិតម្តាយ។

នាឱកាសនោះ លោក ណយ ចន្ទតារា អនុប្រធានស.ស.យ.កខេត្ត និងជាប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានជួយឧបត្ថម្ភថវិកាសរុបចំនួន ២០ម៉ឺនរៀល ហើយរហូតមកដល់ម៉ោង១០យប់នេះ អ្នកជម្ងឺបានបញ្ចូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕