ប្រទេសមានការអភិវឌ្ឍ អាស្រ័យលើការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានឆន្ទៈ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានប្រារព្ធពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា ២០១៩-២០២០ ក្រោមអធិបតីឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាល ក្រុងស្រុកអាជ្ញាធរឃុំ សង្កាត់ អង្គការដៃគូរនានា និងលោកគ្រូ អ្នកគ្រូ ជានាយក ប្រមាណជាង៤០០នាក់។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេប ពីលទ្ធផលការងារកន្លងមក គឺពិតជាមានមោទនភាព អំពីលទ្ធផលសម្រចបានទាំងផ្នែកបរិមាណ និងគុណភាព ដែលជាសកម្មភាពជាអទិភាព និងជាយុទ្ធសាស្ត្រដែលបានអនុវត្ត ត្រូវបានផ្តោតជាសំខាន់ទៅលើ ការលើកកម្ពស់គុណភាព អប់រំតាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន សមត្ថភាពគ្រប់គ្រង អភិបាលកិច្ចល្អ ការតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការវាយតម្លៃដើម្បីបង្កើនកាលានុវត្តភាពស្មើៗគ្នា ឲ្យដល់កុមារ ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយធានា ឲ្យពួកគេមានឱកាសរៀនចប់កម្រិតមូលដ្ឋាន៩ឆ្នាំ ក្រោមពាក្យស្លោក « ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ »។

ឯកឧត្តម ចាន់ តារា បានថ្លែងថា «ប្រទេសមានការអភិវឌ្ឍអាស្រ័យលើការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានឆន្ទៈ »។ ឯកឧត្តម បន្តថា ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់ លើវិស័យជាអាទិភាពជាច្រើន ក្នុងនោះ ការកែទម្រង់ រដ្ឋបាលសាធារណៈ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងស៊ីជម្រៅទាំង នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយចំពោះមុខ បណ្ដាវិស័យសំខាន់ៗ មួយចំនួន នៅថ្នាក់ជាតិ ត្រូវបានធ្វើវិមជ្ឈការ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលខុសត្រូវអនុវត្ត ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ជាពិសេសសកម្មភាពនៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល និងវិស័យសំខាន់ៗ មួយចំនួន ក្នុងនោះវិស័យអប់រំយុវជន និងកីឡា ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងគោលនយោបាយវិមជ្ឈការនេះផងដែរ។

ឯកឧត្តម បន្ដទៀតថា ដើម្បីឆ្លើយតបទៅនឹងស្មារតីអង្គសន្និបាតនេះ ឯកឧត្តម បានចូលរួមនូវការចាប់អារម្មណ៍ ដូចខាងក្រោមករណីអត្រា នៃការបោះបង់ការសិក្សារបស់សិស្ស សូមឲ្យថ្នាក់ដឹកនាំមន្ទីរការិយាល័យ អប់រំគ្រប់ក្រុង ស្រុក និងថ្នាក់ដឹកនាំគ្រប់មូលដ្ឋានសិក្សា រួមនិងអាជ្ញាធរ មាតាបិតា ត្រូវយកចិត្តទុកដាក់ចាត់វិធានការសមស្របនានា ដើម្បីលើកកម្ពស់អត្រាសិក្សារបស់សិស្ស និងកាត់ បន្ថយ អត្រាបោះបង់ការសិក្សា ឲ្យបាននៅកម្រិតទាបបំផុត ជាពិសេស ការចូលរួមដោយយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ ចំពោះស្ថានភាពឧបសគ្គរបស់សិស្សានុសិស្ស ត្រូវបន្តពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ទប់ស្កាត់គ្រប់សកម្មភាពអសកម្មរបស់សិស្ស បញ្ជ្រាបការងារអនាម័យ បរិស្ថាន ថែទាំដាំដើមឈើ ធ្វើយ៉ាងណាអោយសិស្សានុសិស្សលេងកីឡាអោយបានគ្រប់ៗគ្នាបង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅគ្រប់កម្រិតឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេសពង្រឹងលើគ្រប់ការប្រឡងទាំងអស់ មិនថាប្រចាំខែ ត្រីមាសឆមាស ដើម្បីធ្វើយ៉ាងណាអោយសិស្សពង្រឹងសមត្ថភាពចំណេះដឹង ជំនាញទន់ ចំណេះដឹងភាសាបរទេស ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ ទទួលបានជោគជ័យ និង បន្តទៅបរិញ្ញាបត្រខាងមុខទៀត៕ ដោយ៖ មន្តីរព័ត៌មានខេត្តកំពង់ធំ