BREAKING NEWS៖ ករណីឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេសចិនមានចំនួន ២៤៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៥១នាក់ និងស្លាប់ចំនួន ៨០នាក់

(អន្តរជាតិ)៖ បើយោងតាមការបញ្ជាក់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថាគិតត្រឹមម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ មានករណីឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេសចិនចំនួន ២៤៦៣ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៥១នាក់ និងស្លាប់ចំនួន ៨០នាក់។

រហូតមកដល់ពេលនេះ វិរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ បានរាតត្បាតចិនចំនួន ៨ហើយ រួមមាន៖ ១. ខេត្តហ៊ូប៉េ (រួមទាំងក្រុងវូហាន់) មានករណីឆ្លងវីរ៉ូសចំនួន ១៤២៣ នាក់ (ព្យាបាលជាសះស្បើយ ៤៤នាក់ និងស្លាប់ ៧៦នាក់), ២. ខេត្តក្វាងតុង មានអ្នកឆ្លងវីរ៉ូសចំនួន ១១១នាក់ (ព្យាបាលជាសះស្បើយ២នាក់), ៣. ខេត្តចឺជាំង មានអ្នកឆ្លងវីរ៉ូសចំនួន ១០៤នាក់ (ព្យាបាលជាសះស្បើយ២នាក់), ៤. ខេត្តហឺណាន មានអ្នកឆ្លងវីរ៉ូសចំនួន ៨៣នាក់, ៥. ក្រុងឆុងឈីង មានអ្នកឆ្លងវីរ៉ូសចំនួន ៧៥នាក់, ៦. រដ្ឋធានីប៉េកាំង មានអ្នកឆ្លងវីរ៉ូសចំនួន ៦០នាក់, ៧. ខេត្តហ៊ូណាន មានអ្នកឆ្លងវីរ៉ូសចំនួន ៦៩នាក់, ៨. ខេត្តអាន់ហួយ មានអ្នកឆ្លងវីរ៉ូសចំនួន ៦០នាក់ និងខេត្តក្រុងមួយចំនួនទៀតដែលមានអ្នកឆ្លងវីរ៉ូសជាក្រោម៥០នាក់។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនបានចេញសេចក្តីជូនដំណឹងអំពីការពន្យាពេលឈប់សម្រាកបុណ្យចូលឆ្នាំចិនរហូតដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែកចំពោះសាលារៀនត្រូវកំណត់ពេលបើកបវេសនកាលថ្មីតាមស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងជំងឺឆ្លងតាមតំបន់របស់ខ្លួន។ ដោយ៖ ចំណាន