មហោស្រពរបាំប្រពៃណី ផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជា និងឥណ្ឌា BHARATANATYAM អន្តរជាតិ !

(សៀមរាប)៖ រយ:ពេលពេញ១ថ្ងៃ គឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ មហោស្រពរបាំ ផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជា និងឥណ្ឌា (BHARATANATYAM អន្តរជាតិ បានបញ្ចេញនូវផ្ទាំងទស្សនីយភាព បង្ហាញជូនភ្ញៀវជាតិ- អន្តរជាតិនៅព្រលានជល់ដំរី ជិតប្រាសាទបាយ័ន នៃតំបន់បេតិកភណ្ឌពិភពលោក ( រមណីយដ្ឋានប្រវត្តិសាស្រ្ត អង្គរ-សៀមរាប ) និងជាតំបន់ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្រ្តនៃកម្ពុជាផងដែរ ។ ដំណើរការនៃមហោស្រពរបាំនេះ គេឃើញមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោកជំទាវ រស់ យ៉ារ៉ាន់ សាស្រ្តាចារ្យផ្នែករបាំនៃព្រះរាជាណាចក្រកម្ពុជា ។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បានឲ្យដឹងថា ៖ សម្រាប់ឆ្នាំ២០២០នេះ គឺជាលើកទី៣ហើយ ដែលមហោស្រពរបាំកម្ពុជា-ឥណ្ឌា មានវត្តមានបង្ហាញទស្សនីយភាពនៅទីលានជល់ដំរីនៃតំបន់អង្គរខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំដោយក្រុមហ៊ុន Seenu Gnanam Travels ប្រចាំសៀមរាប និង មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប។
ខ្ញុំ ! គឺជាអង្គរវត្ត ( I am Angkor Wat ) គឺជាប្រធានបទស្នូល នៃវណ្ណកម្មរបាំសម្តែងរួមគ្នា នៃក្រុមសិល្បករ សិល្បការិនី មកពីវិទ្យាស្ថានសិល្ប: Bharatanatyam នៃប្រទេសឥណ្ឌា ជាមួយក្រុមសិល្បករ សិល្បការិនី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប ។ ទាំងនេះ គឺជាការឆ្លុះបង្ហាញអំពីចំណងទំនាក់ទំនងមិត្តភាព និងការទូតដ៏ល្អនៃប្រទេសទាំង២ កម្ពុជា-ឥណ្ឌា ។ ក្នុងទំព័រនៃពង្សាវតាខ្មែរ ក៏បានចារឹកទុកនូវប្រវត្តិសាស្រ្តនៃទំនាក់ទំនង រវាងនគរខ្មែរ និងឥណ្ដា តាំងពីក្នុងសតវត្សរ៍ទី១ ( សម័យហ្វូណន ) និងការហូរចូលវប្បធម៌ឥណ្ឌាជាបន្តបន្ទាប់នាសម័យក្រោយមកកាន់ប្រទេសកម្ពុជា ក្នុងនោះរួមមានសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ជាដើម ។

ផ្ទាំងទស្សនីយភាពសម្តែងរបាំរួមគ្នា កម្ពុជា-ឥណ្ឌា ( ខ្ញុំ ! គឺជាអង្គរវត្ត ) ( I am Angkor Wat ) គឺជាវណ្ណកម្មថ្មី ដែលដឹកនាំការហ្វឹកហាត់ និងសម្តែងដោយ លោកបណ្ឌិត Sanjay សាស្រ្តាចារ្យរបាំនៃវិទ្យាស្ថានសិល្ប: Bharatanatyam ។ របាំសម្តែងរួមគ្នានេះដែរ គឺជាការដកស្រង់ប្រវត្តិសាស្រ្ត ចេញពីចម្លាក់នៃជញ្ជាំងប្រាសាទអង្គរវត្ត ឲ្យស្ថិតនៅជាមួយទេពកោសល្យ នៃការសម្តែងរបាំបែបរស់រវើករបស់សិល្បករ សិល្បការិនី ។ ទាំងអត្ថន័យ អត្ថរូប និងអត្ថរស នៃការសម្តែង គឺជាការបង្ហាញអំពីស្នាព្រះហស្ថ ឬទ្ធីអំណាចជ័យចេស្តារ នៃព្រះបាទជ័យវរ្ម័នទី៧ ក្នុងការគ្រប់គ្រងដឹកនាំដែននគរកម្ពុជា នាសម័យកាលអាណាចក្រអង្គរដ៏រុងរឿង ក៏បានលើកយកមកសម្តែងនៅក្នុងរបាំនោះ អំពីប្រវត្តិកាលរឿង តាមបែបទេវកថា កូរសមុទ្រទឹកដោះដែលជាសិល្ប:អក្សរសិល្ប៍ខ្មែរដ៏យូរលង់ផងដែរ ។

តាមរយ:នៃសមិទ្ធកម្មរបាំមួយនេះ អ្នកដែលបានឃើញការសម្តែង ពិតជាត្រូវបានចង់ឃើញរូបភាពពិតនៃប្រវត្តិសាស្រ្តអាណាចក្រអង្គរ ដែលបានបង្ហាញដោយស្នាដៃចម្លាក់នៃដូនតាខ្មែរ នៅលើជញ្ជាំងនៃប្រាសាទអង្គរវត្ត ៕

អត្ថបទ និងរូបភាព: លោកងិន គិមឡេង
កែសម្រួលដោយ លីវ សុខុន