ប្រជាពលរដ្ឋក្រីក្រចំនួន 120 គ្រួសារទទួលបានអំណោយពីអង្គការ C M S

(កំពង់ធំ)៖ ប្រជាពលរដ្ឋមកពី ៤ ឃុំមាន ឃុំសូយោង ឃុំស្វាយភ្លើង ឃុំអណ្តូងពោធិ៍ ឃុំច្រនាង ស្មើរនិង ១២០ គ្រួសារ ស្ថិតនៅស្រុកតាំងគោកខេត្តកំពង់ធំ ដែលជាពលរដ្ឋក្រីក្រ កុមារកំព្រា និងអ្នកជឿជាក់លើព្រះយេស៊ូគ្រីស្ទបានទទួលអំណោយមនុស្សធម៌ពីអង្គការ ស៊ី អឹម អេស ។

 ពិធីចែកអំណោយមនុស្សធម៌នេះធ្វើឡើងនៅព្រះវិហារតាព្រៃក្រីសង្ឃឹម ភូមិតាព្រៃ ឃុំពង្រ ស្រុកតាំងគោកខេត្តកំពង់ធំ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែមករាឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក។ 

លោកស៊ុន សុគុន អ្នកគ្រប់គ្រងព្រះវិហារតាព្រៃក្តីសង្ឃឹម បានឡើងអានរបាយការណ៍ និងសកម្មភាពអង្គការថា C  M S បានជួយ ស្រុកតាំងគោក និងស្រុកបារាយណ៍កន្លងមក ដែលមានដូចជាធ្វើរបងសាលាអណ្ដូងទឹក ការផ្ដល់ជាលុយ ផ្ដល់ការអប់រំដល់ក្មេង ការចែកសម្ភារៈសិក្សាដល់សិស្សក្រីក្រ ហើយលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីដែលមានកិច្ចសហការ ឲ្យអង្គការធ្វើការ និងចូលរួមអភិវឌ្ឍន៍ស្រុកតាគោកដោយរលូនមិនមានការប្រកាន់សាសនាឡើយ។

នៅក្នុងឱកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក ក៏បានមានមតិសំណេះសំណាលនិងថ្លែងអំណរគុណដល់អង្គការ C M S ដែលតែងតែចូលរួម អភិវឌ្ឍន៍នៅស្រុកតាំងគោក សមិទ្ធផលជាច្រើនដែលអង្គការតែងតែជួយនៅស្រុកតាំងគោកនិងស្រុកបារាយណ៍មានដូចជាការធ្វើអណ្ដូងទឹក ការផ្ដល់ជាហិរញ្ញប្បទាន ជួយក្មេងកំព្រាក្រីក្រឲ្យបានចូលរៀន ជួយផ្ដល់សម្ភារៈប្រើប្រាស់ដូចជាសៀវភៅ កាតាបសម្រាប់សិស្ស បង្គន់អនាម័យ និង មតេយ្យ៣កន្លែង។

លោកបានបន្ថែមទៀតថា សមិទ្ធផលទាំងនោះសុទ្ធតែមានសារៈសំខាន់ដូចជាការធ្វើអណ្ដូងទឹកឲ្យប្រជាជន គាត់បានប្រើប្រាស់ ហើយមិនចំណាយថវិកាក្នុងការធ្វើអណ្ដូងទឹក ជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនមួយចំណែក ។ 

លោកក៏បានបញ្ជាក់ផងដែរថាអង្គការ C  M S មានគោលបំណងឲ្យប្រជាជនផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ មានអនាម័យក្នុងការប្រើប្រាស់ទឹកស្អាត និងជួយជំរុញឲ្យកុមារស្រលាញ់ការសិក្សា ស្រលាញ់ឪពុកម្ដាយ។

   

លោក ហាក់ ម៉ុងហួត លើកឡើងថាប្រទេសកម្ពុជាយើងបើកសិទ្ធិសេរីភាពពេញលេញឲ្យប្រជាជនក្នុងការជឿលើសាសនាដោយមិនប្រកាន់សាសនាណាមួយឡើយ ពីព្រោះការប្រកាន់និន្នាការសាសនាធ្វើឲ្យប្រទេសទាំងនោះមានការបែកបាក់បង្កកើតជាសង្គ្រាម។ជាក់ស្ដែងដូចជាប្រទេសខ្លះដែលប្រកាន់សាសនាបង្កឱ្យមានការកើតសង្គ្រាមរ៉ាំរ៉ៃធ្វើឱ្យប្រទេសមិនមានការអភិវឌ្ឍ បែកបាក់គ្រួសារ ក្មេងកំព្រា ស្ត្រីមេម៉ាយ ហើយប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនមានគ្រប់សាសនា ដូចសព្វថ្ងៃនេះក៏ដោយមានការដឹកនាំដ៏ឈ្លាសវៃ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

ជាមួយគ្នានោះដែរលោកក៏បានផ្ដាំផ្ញើដល់បងប្អូនសូមមេត្តាយកចិត្តទុកដាក់ទៅលើការ ហូបស្អាត ផឹកស្អាត រស់នៅស្អាតប្រកបដោយអនាម័យនិងមានការប្រុងប្រយ័ត្នក្នុងការបើកបរដោយមានការពាក់មួកសុវត្ថិភាពជាពិសេសប្អូនៗសូមឲ្យឆ្ងាយពីគ្រឿងញៀន។

 

សូមបញ្ជាក់ផងដែរថាអំណោយដែលបានចែកជូនមានដូចជា សារុងចំនួន១ អង្ក 8 គីឡូ ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប អំបិលអ៊ីយ៉ូត១គីឡូទឹកដោះគោខាប់ 1 កំប៉ុង និងកង់ជូនកុមារក្រីក្រចំនួន 8៕ ដោយ៖មន្ទីរព័ត៌មានខេត្តកំពង់ធំ