ទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “ការបំបៅកូនដោយទឹកដោះម្តាយគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ”

(ព្រះវិហារ)៖ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជម្រុញដល់ម្ដាយគ្រប់រូបដែលទើបតែនិងសម្រាលកូន ត្រូវតែបំបៅកូនដោយទឹកដោះតែមួយមុខគត់ ពីព្រោះទឹកដោះម្ដាយពិតជាបានផ្ដល់នូវសារៈប្រយោជន៍យ៉ាងច្រើនចំពោះកូន ទាំងផ្នែកសុខភាព និងផ្នែកសតិបញ្ញា ជាជាងការបំបៅកូនដោយទឹកដោះគោ។

ថ្លែងក្នុងឱកាសប្រារព្ធទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ «ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ» កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានថ្លែងជម្រុញឱ្យម្ដាយគ្រប់រូបដែលទើបនឹងសម្រាលកូន ត្រូវតែបំបៅកូន ដោយទឹកដោះម្ដាយតែមួយមុខគត់ ពីព្រោះការបំបៅកូនដោយទឹកដោះម្ដាយ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ស្ដ្រីជាម្ដាយ និងទារកទើបកើតទាំងផ្នែកសុខភាព ទាំងសតិបញ្ញាស្មារតី ព្រមទាំងបានផ្ដល់ដល់ទារកនូវការចាប់ផ្ដើមជីវិតដ៏ល្អ ព្រោះទឹកដោះម្ដាយមានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ ដែលទារកត្រូវការ និងជាថ្នាំបង្ការដំបូងបំផុតសម្រាប់ការពារទារកប្រឆាំងនឹងជំងឺ ផ្សេងៗ។

ឯកឧត្តមបន្ដទៀតថា ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភស្ដ្រី និងកុមារ កាត់បន្ថយមរណភាពទារកទើបកើត និងមរណភាពកុមារអាយុក្រោម៥ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ
និងផ្សព្វផ្សាយឯកសារ លិខិតបទដ្ឋាន
គតិយុត្ត និងវិធានការ ចាំបាច់នានា ដើម្បីលើកកម្ពស់អាហារូបត្ថម្ភមាតា និងទារក។ ថ្វីត្បិតតែមានវិធានការជាច្រើនត្រូវ បានដាក់ចេញបែបនេះក្ដី តែអត្រាបំបៅកូនដោយទឹកដោះម្ដាយមានការថយចុះគួរអោយកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កត្តាដែលមានការថយចុះនេះ អាចបណ្ដាលមកពីហេតុ ផលមួយចំនួនដូចជា កង្វះខាតចំណេះដឹងអំពីការបំបៅកូនដោយទឹកដោះម្ដាយ, កង្វះខាតការគាំទ្រពីសំណាក់ក្រុមគ្រួសារ, ការសម្រាកក្នុងអំឡុងពេលលំហែមាតុភាពមានពេលកំណត់ខ្លីពេក និងជាពិសេស ការរីករាលដាលនៃការផ្សព្វផ្សាយលក់ផលិតផលម្សៅទឹកដោះគោ ជំនួសទឹកដោះម្ដាយ ដែលធ្វើឱ្យប្រជាជនមានការភាន់ច្រឡំអំពីគុណតម្លៃទឹកដោះម្ដាយ, ជាក់ស្ដែងគឺ
ពុំមាន ផលិតផលម្សៅទឹកដោះគោណាមួយ អាចមកជំនួសទឹកដោះម្ដាយបានទេ។

ជាមួយគ្នានេះ លោកជំទាវ ចឹក ហេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងដែរថា «ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ» ត្រូវបានជ្រើសយកធ្វើជាប្រធានបទ ក្នុងទិវាជាតិអាហារូបត្ថម្ភឆ្នាំនេះ ក្នុងន័យសំដៅផ្លាស់ប្ដូរឥរិយាអ្នកពាក់ព័ន្ធ ជាពិសេសមាតា-បិតា និងអាណាព្យាបាល គ្រប់រូបលើការអនុវត្តបំបៅកូនដោយទឹកដោះម្ដាយ ក្នុងអំឡុងពេល១ម៉ោងដំបូង បន្ទាប់ពីសម្រាល ហើយការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់សម្រាប់កុមារអាយុ៦ខែដំបូង និងបន្ដបំបៅដោយទឹកដោះម្ដាយរហូតដល់កុមារអាយុបាន២ឆ្នាំយ៉ាងតិច ឬលើសពីនេះជាមួយនឹងការផ្ដល់ អាហារូបត្ថម្ភបន្ថែមឱ្យបានសមស្របសម្រាប់កុមារអាយុចាប់ពី៦ខែឡើងទៅ៕