ឯកឧត្តម ជាវ តាយ ដឹកនាំប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាពនិងជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

(កំពត)៖ កំពង់ផែទេសចរណ៍ អន្តរជាតិនៅខេត្តកំពតគឺជាគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័នក្នុងមហាអនុតំបន់មេគង្គ នៃក្រសួងទេសចរណ៍ សហការជាមួយ រដ្ឋបាលខេត្តកំពត និងក្រសួងពាក់ព័ន្ធ ក្រោមការគាំទ្រហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រមាណជាង៨លានដុល្លារ ក្នុងកិច្ចសន្យាសាងសង់រយៈ១៨ខែ។ គិតមកដល់ពេលនេះក្រុមហ៊ុនទទូលសាងសង់បានចំណាយពេលអស់ ៨៥%ទៅហើយ ប៉ុន្តែទើបសម្រេចបានប្រមាណជាង៣០ភាគរយប៉ុណ្ណោះ ទាមទារយៈពេលមួយឆ្នាំទៀតដើម្បីបញ្ចប់ជាស្ថាពរ នៃការងារសាងសង់។

ថ្លែងនៅក្នុងកិច្ចប្រជុំរវាងមន្ត្រីគ្រប់គ្រងគម្រោង និងតំណាងក្រុមហ៊ុនសាងសង់ជាមួយរដ្ឋបាលខេត្តកំពត ស្ដីពីការ ពិនិត្យនូវវឌ្ឍនភាពនិងជំរុញលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដើម្បីរូមគ្នាពិភាក្សា រកចំណុចដោះស្រាយបញ្ហាប្រឈមនានានិងពង្រឹងគុណភាពនៃការងារសាងសង់ កាលពីព្រឹកថ្ងៃទី២២ ខែមករាម្សិលមិញនេះ នៅសាលាខេត្តកំពត ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា មកដល់ពេលនេះ តាមការសង្កេតជាក់ស្តែងការស្ថាបនានៃគម្រោងផែនការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត មានភាពយឺតយ៉ាវ ហើយហាក់បីដូចជាការអនុវត្តមិនទាន់បានប្រកបដោយភាពរលូនទៅនឹងអ្វីដែលគម្រោងផែនការប្រគល់ជូនក្រុមហ៊ុន។ ដូច្នេះកិច្ចប្រជុំពេលនេះឯកឧត្តម អភិបាលខេត្តក៏បានជំរុញឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ពិសេសក្រុមហ៊ុនទទួលលើការងារសាងសង់ សូម បង្កើនកិច្ចសហការគ្នា ធ្វើឲ្យល្អថែមទៀតដើម្បីធ្វើឲ្យការងារស្ថាបនាកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតមួយនេះបានរួចរាល់ឆាប់រហ័សដោយផ្អែកទៅលើអ្វីដែលគម្រោងការសាងសង់បានប្រគល់ជូនក្រុមហ៊ុន ។

ឯកឧត្តមអភិបាលខេត្តក៏បាន ចាត់ទុកកិច្ចប្រជុំពេលនេះ ដោយផ្ដោតជាសំខាន់តែទៅលើបញ្ហប្រព័ន្ធផ្លូវនិងលូទឹកដែលមានប្រវែងប្រមាណ២,៣ km ឆ្ពោះទៅកាន់កំពង់ផែ ព្រមទាំងរួមគ្នា ពិនិត្យពិភាក្សា រកចំណុចនៃការដោះស្រាយផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឱ្យតែការងារសាងសង់ប្រព្រឹត្តទៅដោយភាពរលូននិងទទួលបានលទ្ធផលជោគជ័យ។ ពិសេសក្រុមហ៊ុនទទួលលើការងារសាងសង់ សូមសហការគ្នា ធ្វើឲ្យល្អថែមទៀត និងរួចរាល់ឆាប់រហ័ស ទៅតាមអ្វីដែល គម្រោងសម្រេចប្រគល់ជូនលើគម្រោងការសាងសង់មានស្រាប់។

គួរជម្រាបថាកំពង់ផែទេសចរណ៍ អន្តរជាតិនៅខេត្តកំពតនេះគឺជាគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័នក្នុងមហាអនុតំបន់មេគង្គ (GMS TiiG Loan No.3194-CAM)នៃក្រសួងទេសចរណ៍ សហការជាមួយ រដ្ឋបាលខេត្តកំពតនិងក្រសួងពាក់ព័ន្ធក្រោមការគាំទ្រហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរចំនួន០៣ គឺខេត្តកែប កំពត និងកោះកុង។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតនេះដែរគឺ ស្ថិតលើផ្ទៃដីមានចំនួន៤ហិកតា មានសំណង់សំខាន់ៗចំនួន១១ រួមមានអគារអ្នកដំណើរមានកម្ពស់២ជាន់ ផែរចតកាណូត កំពង់សាឡង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់រួមនិងផ្លូវចំណតរថយន្ត និងទោចក្រយានយន្ត អគារស្នាក់នៅ អគារសន្តិសុខ សួនច្បារនិងសំណង់ផ្សេងៗមួយចំនួនទៀត។ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្ដល់សិទ្ធសាងសង់ជូនក្រុមហ៊ុន(SBPH) Enginering & Construction Co. Ltd ដោយត្រូវប្រើប្រាស់ថវិកាសរុបចំនួន៨.៤៨៣.៤៣៩ដុល្លារយៈពេលសាងសង់១៨ខែគ្រោងបញ្ចប់ខែមករាឆ្នាំ២០២០ ។


បើតាមការលើកឡើងរបស់អ្នកគ្រប់គ្រងគម្រោងបានឲ្យដឹងថា ក្រសួងទេសចរណ៍ បានជួបប្រជុំជាមួយធនាគារអភិវឌ្ឍន៍ អាស៊ីនាពេលថ្មីៗនេះថា ក្រុមការងារ ត្រូវការពេលវេលាមួយឆ្នាំទៀតទើបអាចសាងសង់រួចរាល់ ដោយសារមានបញ្ហាបច្ចេកទេស និងបញ្ហាមួយចំនួនទៀត្កត្រូវរួមគ្នាពិភាក្សារកដំណោះស្រាយ ជាមួយនឹងការសាងសង់ហេរដ្ឋារចនាសម្ព័ន្ធនេះ៕ ដោយ​៖ មន្ទីរព័ត៌មានខេត្តកំពត