សម្តេចពញាចក្រី ហេង សំរិន អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តវត្តបរិយត្តិធម៍ ហៅវត្តក្បាលដំរី ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តវត្តបរិយត្តិធម៍ ហៅវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នរដ្ឋសភា រដ្ឋមន្ត្រីតាមបណ្តាក្រសួងនានា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ ព្រះវិហារទំហំ ០៩x១៦ម ក្លោងទ្វារ និងកំផែង(របងវត្ត) ដែលចំណាយទឹកប្រាក់សរុបចំនួន ១៦០.៤ ៦០ដុល្លាអាមេរិក គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្រៅអំពីសមិទ្ធផលជាច្រើនដែល សម្តេចអគ្គមហាពញាចក្រី និងលោកជំទាវ សៅ ទី ចូលរួមឧបត្ថម្ភដ៍ខ្ពង់ខ្ពស់  ព្រមទាំងឯកឧត្តម លោកជំទាវរួមជាមួយសប្បុរសជនពុទ្ធបរិស័ទក្នុង និង ក្រៅប្រទេសជាច្រើនទៀត តែងតែបានជួយឧបត្ថម្ភចលនា និងដឹកនាំដោយផ្ទាល់ ក្នុងការកសាងទុកជាឧត្តមប្រយោជន៍សាសនា សង្គម និងប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ។

មានប្រសាសន៍នាឳកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗ បានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។

សម្តេចប្រធានរដ្ឋសភា បានរម្លឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យកត់សម្គាល់។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានា ដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្ត តទៅមុខទៀត។

សម្តេចពញាចក្រី ហេង សំរិន ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើន ក្នុងវត្តជាការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា ព្រោះថា វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្ត ដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ៕ ដោយ៖មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

Q