អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមចំបក់មួយដើមធំ ដែលប្រឈមនឹងហានិភ័យដល់ភ្ញៀវទេសចរចេញ ចូលក្នុងបរិវេណប្រាសាទនាគព័ន្ធ !

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានសម្រេចកាត់ដើមចំបក់មួយដើម ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ នៅទីតាំងផ្លូវចូលប្រាសាទនាគព័ន្ធ ។

លោក យិន សុវ៉ាត មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍ថា ដើមចំបក់មួយដើមនេះងាប់ជាយូរមកហើយ ដោយមែក និងគល់របស់វាពុកផុយជាអន្លើ ដែលអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញ ចូលប្រាសាទនេះ។

លោកកបន្តថា ដោយសារមើលឃើញនូវបញ្ហាប្រឈមនេះ ទើបក្រុមការងារសម្រេចកាប់ដើមចំបក់នេះចោល ក្នុងបំណងបង្ការ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ការពារកុំឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងដើម្បីរក្សាសោភណ្ឌបរិវេណប្រាសាទនេះផង ។

លោកបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងពេលប្រតិបត្តិការផងដែរ ។

អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារនេះបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា ។

គួរបញ្ជាក់ថា: នេះជាកិច្ចការថែទាំប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ក៏ដូចជាថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ៕

អត្ថបទ និងរូបភាព: លោកខេង ឧត្តម
កែសម្រួលដោយ លីវ សូម