កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនមនុស្ស២នាក់ ជាមួយរថយន្តដឹកឈើ១គ្រឿង

(រតនគិរី) រថយន្តហ៉ីយ៉ាន់ដាយ១គ្រឿងលួចលាក់ដឹកឈើលេខ២(គ្រឿងផ្ទះ)មិនមានការអនុញ្ញាតពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថចុះបង្ក្រាបកាលពីវេលា ម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ខណៈរថយន្តនោះកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៧៨ ពីខេត្តស្ទឹងត្រែង មកកាន់ខេត្តរតនគិរី។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបរថយន្តខាងលើនេះមានកម្លាំងអាវុធហត្ថក្រុងបានលុងសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្ត ក្នុងនោះបានដកហូតរថយន្ត១គ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម ៣A-៧៣៤៣ និងឈើពីរប្រភេទ គឺប្រភេទឈើស្រឡៅ និងឈើផ្ចឹក ដោយឈ្មួញបានលួចបង្កប់ក្នុងសាក់ស៊ីរថយន្ត និងក្នុងជញ្ជាំងទ្រុងរថយន្តខាងមុខ ហើយឈើទាំងអស់ មានចំនួន ៩១ដើម ស្មើនឹង ២,៨៥៦ម៉ែត្រត្រីគុណ។

របាយការណ៍បានបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរឈ្មោះ ឡុច​ សុភាព​ ភេទប្រុស​ អាយុ​ ២៤ឆ្នាំ​​ ជនជាតិខ្មែរ មុខរបរស៉ីឈ្មួលបេីកបររថយន្ត រស់នៅភូមិ​ លេខ​៤លិច​ ស្រុកអូររាំងឳ ខេត្តកំពង់ចាម និងព្រូរថយន្តម្នាក់ទៀតឈ្មោះ សាន​ ស៉ីវុត្ថា​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​​​ ជនជាតិខ្មែរ មុខរបរព្រូរថយន្ត រស់នៅភូមិ​គងជ័យ​ ស្រុកអូររាំងឳ ខេត្តកំពង់ចាម​។

បច្ចុប្បន្ន​វត្ថុតាង​កម្លាំងអាវុធហត្ថបានប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈេីលំផាត់ រីឯជនសង្ស័យ២នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី