ពិធីបិទវគ្គបណ្ដុះបណ្ដាលនិងចែកសញ្ញាបត្រជូនសិក្ខាកាមជំហានទី៤គម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP)

(ព្រះវិហារ) ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងចែកសញ្ញាបត្រជូនសិក្ខាកាមជំហានទី៤គម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត និងមានការចួលរួមពីសំណាក់ អភិបាលក្រុង ប្រធានអនុប្រធានមន្ទីរអង្គរភាពជុំវិញខេត្ត ប្រធានគម្រោងអភិវឌ្ឍន៍ជំនាញអង្គការស្វីសខន់ថាក់ និងម្ចាស់ក្រុមហ៊ុន សហគ្រាស អាណាព្យាបាល និង សិក្ខាកាមចំនួនប្រមាណ ១៥០នាក់ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម គោស៊ុំ ប៊ុនសឿត បានគោតសរសើចំពោះថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ មន្ត្រីបុគ្គលិកទាំងអស់របស់មជ្ឈមណ្ឌល ដែលបានធ្វើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាម ដែលសម្រេចចិត្តដ៏ត្រឹមត្រូវ ដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយចូលរួមក្រេបជញ្ជក់យកចំណេះដឹង និងផ្នែកជំនាញ ដើម្បីទៅប្រើប្រាស់ ក្នុងការប្រកបមុខរបរដោយខ្លួនឯង និងជួយដោះស្រាយជីវភាពគ្រួសារ ។ ឯកឧត្តមក៏បានបន្តទៀតថា ចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលក្មួយៗប្រឹងប្រែងសិក្សារៀនសូត្រពីលោកគ្រូអ្នកគ្រូកន្លងមក មិនត្រឹមតែលើកស្ទួយសង្គម និងគ្រួសារក្មួយៗនេះទេ ក្មួយៗក៏បានក្លាយជាធនធានមនុស្សដ៏សំខាន់ដែលមានសក្ដានុពលក្នុងការជំរុំញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការជួយដល់ការអភិវឌ្ឍន៍សង្គមទាំងមូល ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលបានផ្ដល់ថវិការសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញ់(SDP) ដែលអនុវត្តផ្ទាល់ដោយអង្គការស្វីសខន់ថាក់កម្ពុជា និង INBAS សហការជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះវិហារ ដើម្បីបង្កើននូវឱកាសដល់ប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹង និងមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ ដូចពាក្យចាស់ពោលថា «ជំនាញពិត ជីវិតប្រសើរ» ។

ជាចុងក្រោយឯកឧត្តមក៏បានប្រកាសបែកពិពណ៍ឱកាសការងារ និងចែកវិញ្ញាបនបត្រ ជូនដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំហ៊ានទី ៤ ព្រមទាំងអញ្ជើញទស្សនា  ស្តង់ពិព័រណ៍របស់មជ្ឈមណ្ឌលដែលតាំងដោយសិក្ខាកាម និងមានក្រុមហ៊ុនហុងដា ក្រុមហ៊ុនគូប៊ូតា ផងដែរ ៕