កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់គណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក

(កំពង់ធំ)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័កពុទ្ធសករាជ 2563 ត្រូវនឹងថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងផែនការទិសដៅបន្តឆ្នាំ ២០២០។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោកនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកតាំងគោក និងលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក។

 

កិច្ចប្រជុំខាងលើ សមាសភាពចូលរួមរួមក្នុងឱកាសនោះដែរមាន ក្រុមប្រឹក្សាស្រុក មន្ត្រីការិយាល័យជុំវិញស្រុក ថ្នាក់ដឹកនាកងកំលាំងទាំងបី ព្រះសង្ឃ មេឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហម សិស្សានុសិស្ស ព្រមទាំងសប្បុរសជននានា ដែលមានចំនួនសរុបរួម ១៦៤នាក់ ស្រី ៤៦នាក់។

ជាកិច្ចចាប់ផ្ដើមលោកស្រី អឹម សុវីនអភិបាលរងស្រុកឡើងអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ ២០២០ ដែលគណៈកម្មការអនុសាខាកបាទក្រហមស្រុកតាំងគោកត្រៀមសម្រាប់ឆ្លើយតបនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។

 

មានប្រសាសន៍បើកកិច្ចប្រជុំ នាឱកាសនោះផង លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកតាំងគោកបានថ្លែងអំណរគុណដល់លោក លោកស្រី ទាំងអស់ដែលមានវត្តមាន ចូលរួមប្រជុំ ព្រមទាំងថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែជួយគាំទ្រជាមួយនិងអនុសាខាកាកបាទក្រហមស្រុកតាំងគោកកន្លងមក។

លោក បានលើកឡើងបន្តថា ការងារមនុស្សធម៌គឺជា ការងារដែលមិនមានផលចំណេញនៅប្រាក់កាស លុយកាក់នោះទេ ប៉ុន្តែបានមកវិញនូវការស្រឡាញ់រាប់អានរបស់ប្រជាជនចេញពីបេះដូង។ហើយអ្នកស្ម័គ្រចិត្តគឺជាមនុស្សដំបូងដែលដឹងអំពីមុខសញ្ញាដែលត្រូវជួយសង្គ្រោះ និងតម្រូវការរបស់ជនរងគ្រោះ។

 

បន្ថែមពីនេះទៀតលោកក៏បានលើកទឹកចិត្តដល់មេភូមិ មេឃុំ និងអ្នកស្ម័គ្រចិត្តឱ្យចុះជួយប្រជាពលរដ្ឋដែលខ្វះខាតឲ្យទាន់ពេល ហើយមិនត្រូវប្រកាន់និន្នាការបក្សនយោបាយ បក្សពួក ឬបងប្អូនរបស់ខ្លួនឡើយ។

ជាចុងក្រោយលោកក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមឲ្យមានការប្រុងប្រយ័ត្ន នៅការប្រើប្រាស់បណ្ដាញព័ត៌មានសង្គមដូចជា facebook ជាដើមការស៊ែនិងបង្ហោះធ្វើឲ្យប៉ះពាល់សិទ្ធិអ្នកដទៃ ដែលធ្វើឲ្យមានទោស។ លោកក៏បានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទៅលើទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងអាយុជីវិតនាឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម កុំប្រហែសនឹងភ្លើងទៀនធូបបណ្ដាលឱ្យឆេះខូចខាតទ្រព្យសម្បត្តិ។ម្យ៉ាងទៀតពេលបើកបរត្រូវមានការប្រុងប្រយ័ត្នត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពនិងជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

ដោយ៖ មន្តីរព័ត៌មានខេត្តកំពង់ធំ