កិច្ចប្រជុំការផ្សព្វផ្សាយសារាចរណ៍ណែនាំ ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២០

(កំពង់ធំ)៖ នៅថ្ងៃទី 22 ខែមករា ឆ្នាំ2020 លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ ណែនាំលេខ០១១ សហវ ស្ដីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ និងមានការចូលរួមពី លោក លោកស្រី តំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្រ្ដីជំនាញ ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថាការផ្សព្វផ្សាយសារាចរណ៍ ការអនុវត្តច្បាប់ស្ដីពីហិរញ្ញាវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២០ ដើម្បីផ្ដល់ជាគោលការណ៍ណែនាំថ្មីៗ សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តចំណូល ចំណាយថវិការឆ្នាំ២០២០ បានកំណត់ក្របខណ្ឌនិងវិធានការ គោលការណ៍ និងបច្ចេកទេសក្នុងការគៀងគរចំណូលចាំបាច់សម្រាប់ជាមូលដ្ឋានដល់មន្ទីរជំនាញ ដើម្បីរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធ្វើយ៉ាងណាសម្រេចអោយបានជោគជ័យនូវគោលបំណងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវបានបន្ថែមទៀតថា ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង់ឆ្នាំ2020 ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តអាទិភាពគោលនយោបាយសំខាន់ជាសារវន្ដ ដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងដំណើរឆ្ពោះទៅមុខ នៅលើមាគ៌ា នៃការកែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍជាតិ ព្រមទាំងសមិទ្ធផលជាច្រើនដែលសម្រេចបានកន្លងមក ទាំងខាងនយោបាយ សន្ដិសុខសណ្ដាប់ធ្នាបសង្គម និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដែលជាបុរេលក្ខខណៈ មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មី ក៏ដូចជាសំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ២០៥០។

ចុងក្រោយ ដោយផ្អែកតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល លោកជំទាវបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត អោយយកចិត្ដទុកដាក់ខំខិតសហការគ្នាក្នុងការគ្រប់គ្រង់ចំណូល ចំណាយថវិកាប្រចាំឆ្នាំ អោយកាន់តែល្អ គ្រប់ជ្រុងជ្រាយ ហើយយកទៅអនុវត្ដអោយចេញជាលទ្ធផលជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ