អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយអំពីកលល្បិចជនល្មើស លួងលោមបោកបញ្ឆោតការជួញដូរមនុស្ស ឲ្យបានទូលំទូលាយទៅដល់មូលដ្ឋាននិងសាលារៀន

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយអំពីកលល្បិចជនល្មើស លួងលោមបោកបញ្ឆោតការជួញដូរមនុស្ស ឲ្យបានទូលំទូលាយទៅដល់មូលដ្ឋាននិងសាលារៀន ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធី អបអរសាទរទិវាជាតិលើកទី១៣ ប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៩ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការនិងសិស្សានុសិស្សប្រមាណជិត៥០០ នាក់។

ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ មានប្រសាសន៍លើកឡើងថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលជនល្មើសធ្វើការជួញដូរមនុស្ស ដោយប្រើប្រាស់គ្រប់កលល្បិច គ្រប់រូបភាព ដើម្បីកេងប្រវ័ញ្ច រំលោភបំពានលើមនុស្ស ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្ស ដែលបង្កើតជាក្តីកង្វល់ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស។

ឯឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ ថែមទាំងមានការជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន។ ហើយយើងមិនត្រូវអត់ឱនឲ្យពួកនេះបានឡើយ យើងត្រូវខិតខំតាមដានស្វែងរកមុខសញ្ញា ដើម្បីយកមកអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់  ត្រូវចាត់ទុករឿងការជួយញដូរមនុស្សជារឿងយើងទាំងអស់គ្នា ជាពិសេសឪពុកម្តាយត្រូវធ្វើការអប់រំសីលធម៌ ចរិយាធម៌ឲ្យដល់កូនចៅរបស់ខ្លួន ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាចំពោះមុខ ដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ជាមួយគ្នានេះដែរលោកជំទាវ លំ គន្ធារី ប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ បានធ្វើរបាយការណ៍សង្ខេបពីបទល្មើសកើតឡើង ២៦ ករណី ក្នុងនោះមាន រំលោភសេពសន្ថវៈ ៨ករណី  អំពើហិង្សាក្នុងគ្រួសារ ៤ករណី  ករណីប្រទូស្តកេរ្តិ៍ ២ករណី  អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធឬអនីតិសង្វាសជន ៦ករណី  ករណីកេងប្រវ័ញ្ចពលកម្មនៅប្រទេសម៉ាឡេស៊ីចំនួន២ ករណី   ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ ៣ ករណី  និង ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ១ ករណី៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ