គ្រូបង្រៀន​ឆ្នើម​ជាង​១០​នាក់ បានទទួល​ពានរង្វាន់ ពី​អង្គការ​ធ្វើការ​លើកកម្ពស់​ផ្នែក​វិស័យ​អប់រំ នៅ​ខេត្តសៀមរាប

(​សៀមរាប​)៖ អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​ផ្នែក​វិស័យ​អប់រំ​នៅ​ខេត្ដ​សៀមរាប និង​ខេត្ដ​បាត់ដំបង បានផ្ដល់​ពានរង្វាន់​ដល់​គ្រូបង្រៀន​ឆ្នើម ឬ​វីរ​:​គ្រូបង្រៀន​កំរិត​បឋមសិក្សា​ចំនួន​១២​នាក់ ដើម្បី​លើកទឹកចិត្ដដ​ល់​ពួកគាត់ ដែល​បាន​អប់រំ​កុមារ​នៅ​កំរិត​បឋមសិក្សា​បានល្អ ទៅលើ​មុខវិជ្ជា​ភាសារ​ខ្មែរ និង​គណិតវិទ្យា​ធ្វើអោយ​សិស្ស​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​សិក្សា​។​

​លោក ភឹង ពៅ ប្រធាន​អង្គការ​ស៊ី​ប៊ី​យ័ន​បរ​ឌឺរ (SeebeyonBorder) បានអោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០​នេះ​ថា វីរៈ​គ្រូបង្រៀន​ឆ្នើម​ទាំង​១២​នាក់​នោះ​មាន​ស្រី​១០​នាក់ ពួកគាត់​ទាំង ១២​នាក់ គឺ​មកពី​ខេត្ដ​បាត់ដំបង​ចំនួន​៦​នាក់ និង​ខេត្ដ​សៀមរាប​ចំនួន​៦​នាក់ ដែល​អង្គការ​នេះ​រកឃើញថា ពួកគាត់​ជា​គ្រូ​ឆ្នើម ដែល​បាន​អប់រំ​កុមារ​អោយមាន​គុណភាព​ល្អ សមត្ថ​ភាពល្អ និង​ជា​គ្រូបង្រៀន​បាន​យក​ចិ​ត្ដ​ទុកដាក់​ពី​សុខមាលភាព​សិស្ស​នៅក្នុង​ថ្នាក់រៀន ដែល​បានធ្វើ​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​ល​ទ្ធ​ផល​ក្នុង​ការសិក្សា​ល្អ​។

​លោក​បាន​បន្ដថា កម្មវិធី​គ្រូ​ល្អ​នេះ​ជា​រឿង​តូចតាច​ទេ ប៉ុន្ដែ​ចង់បង្ហាញ​ពី​វីរ​:​ភាពជា​គ្រូបង្រៀន​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ គាត់​មានការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការបង្រៀន មានការ​យក​ចិ​ត្ដ​ទុកដាក់​អប់រំ​ក្មេង បណ្ដុះ​ឆន្ទ​: ជា​ពលរដ្ឋ​ល្អ មាន​ភាព​ច្នៃប្រឌិត ចេះ​សាមគ្គី​គ្នា មានចំណេះដឹង​ល្អ អំពើ​ល្អ បណ្ដុះ​គំនិត​ឥរិយាបថ​អោយមាន​ការផ្លាស់ប្ដូរ​ជាដើម ដែល​សកម្មភាព​ទាំងនោះ បានធ្វើអោយ​មានការ​ស្ញប់ស្ញែង​យ៉ាងខ្លាំង​របស់​គម្រោង​អង្គការ​ស៊ី​ប៊ី​យ័ន​បរ​ឌឺរ​នេះ​។

​លោក បន្ដថា ការផ្ដល់​ពានរង្វាន់​គ្រូ​ឆ្នើម​នេះ​ទើបតែ​បានធ្វើ​ឡើងជា​លើក​ទី​១ ទេ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​លើកទឹកចិត្ដដ​ល់​គ្រូបង្រៀន​ទាំង​១២​នាក់​នោះ ហើយ​បន្ត​ធ្វើជា​គំរូ​ដ៏​ល្អ ក្នុងការ​បង្ហាញ​ទៅដល់​គ្រូ​នៅ​សាលា​ដទៃ​ទូទាំង​កម្ពុជា​យកតម្រាប់​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ​។​

​បើតាម​លោក ភឹង ពៅ បានអោយដឹង​ដែរ​ថា ការផ្ដល់​ពានរង្វាន់​គ្រូ​ឆ្នើម​នេះ ជា​លក្ខណ​:​អន្ដរជាតិ ដោយមាន​គ្រូ​អន្ដរជាតិ​ជួយ​លើកទឹកចិត្ដដ​ល់​គ្រូខ្មែរ​ផងដែរ​។ លោក​បាន​បន្ដថា អង្គការ​ស៊ី​ប៊ី​យ័ន​បរ​ឌឺរ​នេះ ធ្វើការ​លើកកម្ពស់​ផ្នែក​វិស័យ​អប់រំ​តាំងពី​ឆ្នាំ​២០០៩ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​របស់​ប្រទេស​អូស្ដ្រាលី ហើយ​មាន​អនុស្សរណ​:​យោ​គល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​កម្ពុជា​ផងដែរ ដោយ​ធ្វើ​ជាមួយ​សហគមន៍​ជនបទ ក្នុងនោះ​សាលាបឋមសិក្សា​ដែល​បាន​អនុវត្ដ​កន្លងមក​មាន​ជាង​៨០​សាលា ស្ថិតនៅ​ខេត្ដ​សៀមរាប និង​បាត់ដំបង ហើយ​មាន​លោកគ្រូ​អ្នកគ្រូ​ចូល​ប្រមាណ​ជាង​៤០០​នាក់​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​